តៃវ៉ាន់៖ ក្រុមអ្នកជួយសង្គ្រោះតៃវ៉ាន់បានស្វែងរកមនុស្សចំនួន ១៨នាក់ទៀត ដែលនៅតែបន្ដបាត់ខ្លួននាថ្ងៃសុក្រ នេះ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.២រិចទ័រវាយប្រហារតំបន់ភ្នំ និងឆ្នេរសមុទ្រភាគខាងកើតរបស់កោះនេះ ខណៈការរញ្ជួយដីរាប់សិបលើក បានវាយលុកតំបន់ជាច្រើននៅទីនោះ ហើយអ្នកដែលជាប់នៅក្នុងនោះត្រូវបានបញ្ជូនទៅកាន់ទីទួលសុវត្ថិភាពជាបណ្តើរៗហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤។

ការរញ្ជួយដីកាលពីថ្ងៃពុធ នៅក្នុងស្រុក Hualien ភាគខាងកើតតៃវ៉ាន់ ដែលបណ្ដាលឱ្យប្រជាជននៅទីនោះយ៉ាងហោចណាស់ ១០នាក់ត្រូវបានសម្លាប់ ខណៈមនុស្សរាប់រយនាក់ទៀត ជាប់គាំងនៅក្នុងឧទ្យានជាតិមួយកន្លែង នៅពេលដែលផ្ទាំងថ្មរនាំងចុះពីលើភ្នំ បានកាត់ផ្តាច់ផ្លូវ។

នាយកដ្ឋានពន្លត់អគ្គីភ័យរបស់កោះតៃវ៉ាន់ បានបញ្ជាក់ថា មានមនុស្ស ១៨នាក់កំពុងបាត់ខ្លួន ក្នុងនោះរួមមានទាំងជនបរទេស ៤នាក់ ដែលពួកគេជាជនជាតិឥណ្ឌា កាណាដា និងអូស្ត្រាលី។ ចំណែកមនុស្ស ៦នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅលើផ្លូវឡើងភ្នំ ហើយក្រុមជួយសង្គ្រោះយ៉ាងហោច ៤៥នាក់កំពុងព្យាយាមទៅដល់ទីតាំងរបស់ពួកគេ។

ក្រុមអ្នកជួយសង្រ្គោះបានអះអាងថា មនុស្សប្រហែល ៤០០នាក់ដែលជាប់គាំងនៅក្នុងសណ្ឋាគារដ៏ប្រណិតក្នុងឧទ្យានជាតិ Taroko Gorge គឺមានសុវត្ថិភាព ហើយពួកគេកំពុងជិះឧទ្ធម្ភាគចក្រចាកចេញពីកន្លែងកើតហេតុ។

សូមជម្រាបថា តៃវ៉ាន់​ស្ថិត​នៅ​ជិត​ចំណុច​ប្រសព្វ​នៃ​បន្ទះ​ប្លាកែត​២ របស់ផែនដី ហើយ​ងាយ​នឹង​មាន​ការ​រញ្ជួយ​ដី។ កាលពីឆ្នាំ២០១៦ មនុស្សជាង ១០០នាក់បានស្លាប់នៅក្នុងការរញ្ជួយដីនៅភាគខាងត្បូងតៃវ៉ាន់ ខណៈការរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័របានសម្លាប់មនុស្សជាង ២,០០០នាក់ក្នុងឆ្នាំ១៩៩៩៕

ប្រភព៖ CNA

Share.