កំពង់ចាម ៖ មេតុងទីន២នាក់ប្តីប្រពន្ធ ក្រោយពីឆបោកវិចលុយកូនតុងទីនរត់គេចខ្លួន រួចមក ជនរងគ្រោះផ្អើលឆោឡោ ពេញផ្សារស្ពឺ ភូមិស្ពឺលិច ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ហើយប្តឹងទៅសមត្ថកិច្ច រហូតដល់តុលាកាខេត្តកំពង់ចាម ទីបំផុតនៅល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថខេត្តកំពង់ចាម សហការស្រាវជ្រាវតាមចាប់ខ្លួនបាន ខណៈដែលរត់មកសង្ងំលាក់ខ្លួនក្នុងរាជធានីភ្នំពេញ។

ជនសង្ស័យមេតុងទីនទាំង២នាក់ មានឈ្មោះ សាន សុវណ្ណាលីស ភេទស្រី អាយុ៣០ឆ្នាំ និងប្តីឈ្មោះ ណេង ស៊ុនហេង អាយុ៣២ឆ្នាំ រស់នៅភូមិស្ពឺលិច ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានជាប់ចោទពីបទរំលោភ លើទុកចិត្ត។

ជនសង្ស័យជាមេតុងទីន ប្រើល្បិច បង្កកូនតុងទីនខ្យល់ ហើយលេងជាច្រើនក្បាល ច្រើនឆ្នាំមកហើយ លើកចុងក្រោយវិចលុយរាប់លានដុល្លាររត់គេចខ្លួន ធ្វើឱ្យជនរងគ្រោះជាកូនតុងទីន ផ្អើលឆោឡោ ប្តឹងទៅសមត្ថកិច្ច សាលាដំបូងខេត្តកំពង់ចាម។

ជនសង្ស័យត្រូវបានតុលាកាចេញដីកាបង្គាប់ចាប់ខ្លួនកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លុះដល់ល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ត្រូវបានកម្លាំងអាវុធហត្តខេត្តកំពង់ចាម សហការជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបាន ខណៈដែលជនសង្ស័យរត់មកសង្ងំលាក់ខ្លួនក្នុងរាជធានីភ្នំពេញ ។

ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួននាំយកទៅការិយាល័យជំនាញ ទីបញ្ជាការអាវុធហត្ថខេត្តកំពង់ចាម ដើម្បីបញ្ជូនខ្លួនទៅតុលាកាខេត្ត អនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.