អ្នកដំណើរនៅលើស្រឡាង ១គ្រឿង ភ័យស្លន់ស្លោលោតចូលទៅក្នុងសមុទ្រ ដើម្បីគេចពីអណ្ដាតភ្លើងដែលកំពុងឆាបឆេះនៅលើស្រឡាង ដែលធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅឆ្នេរសមុទ្រប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sky News នាថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤។

បើតាមមន្រ្តីក្នុងតំបន់បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧:៤០នាទីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នៅកណ្ដាលផ្ទៃទឹកសមុទ្រខាងលិចឈៀងខាងត្បូងនៃកោះអណ្ដើកស្ថិតក្នុងឃុំកោះអណ្ដើក ស្រុកផាង៉ាន់ ខេត្ត សុរ៉ាតថានី ប្រទេសថៃ។

ក្រុមមន្រ្តីបាននិយាយថា ស្រឡាងនេះបានដឹកភ្ញៀវទេសចរជិត ១០០នាក់ និងមានរថយន្ដ ម៉ូតូរួមទាំងទំនិញផ្សេងៗ ដោយក្នុងនោះមានមនុស្ស ៩៧នាក់មានសុវត្ថិភាព ហើយអ្នកទាំងអស់គ្នាមិនមានអ្នករងរបួសឡើយ។

ភ្លាមៗ កម្លាំងនគរបាលរបស់ប្រទេសថៃ រួមទាំងក្រុមគ្រូពេទ្យនៅលើកោះសាមុយ បានចេញប្រតិបត្តិការភ្លាមៗ ដើម្បីជម្លៀស និងជួយសង្រ្គោះភ្ញៀវទាំងអស់ដែលស្ថិតនៅលើស្រឡាងឱ្យរួចផុតពីសេចក្ដីស្លាប់ ដោយគ្រាន់តែមានភ្ញៀវខ្លះមានការភិតភ័យ មិនស្រួលខ្លួន ព្រោះមានអ្នកដំណើរខ្លះមានផ្ទៃពោះ ខ្លះទៀតមានកូនតូច ក្រោយពីបានធំក្លិនផ្សែង និងរងចំហាយក្ដៅ៕

ប្រភព៖ Sky News

Share.