សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានប្រកាសនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ថាក្រុមហ៊ុន Shopee នឹងក្លាយជាដៃគូឧបត្ថម្ភថ្មី នៃពានរង្វាន់ក្លិបជើងឯកប្រចាំតំបន់អាស៊ាន ដោយបានដាក់ឈ្មោះថា Shopee Cup ជំនួសឱ្យ ASEAN Club Championship។

ពានរង្វាន់ប្រចាំតំបន់អាស៊ាន Shopee Cup ឆ្នាំ២០២៤-២៥ នឹងចាប់ផ្តើមនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ដោយមានក្រុមចូលរួមសរុប១២ក្លិប បែងចែកជា២ពូល រូបមន្តប្រកួតក្នុងដីក្រៅដី។

ក្រុមចូលរួមមាន៖ ១២ក្លិប

  • ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ថៃ, វៀតណាម៖ មាន២ក្រុមចូលរួម (សរុប៨ក្រុម)
  • ហ្វីលីពីន និង សិង្ហបុរី៖ មាន១ក្រុមចូលរួម (សរុប២ក្រុម)
  • ប្រ៊ុយណេ, កម្ពុជា, ឡាវ និងមីយ៉ាន់ម៉ា ត្រូវប្រកួតជម្រុះ Playoffs យក២ក្រុម ដើម្បីបង្រ្គប់ក្រុមទាំង១២។

ដូច្នេះម្ចាស់ជើងឯកលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ នឹងមានឈ្មោះចេញទៅប្រកួតវគ្គជម្រុះ Playoffs ដើម្បីបានកៅអីចូលរួមវគ្គចែកពូល ១២ក្រុមចុងក្រោយនៅតំបន់អាស៊ាន។

គួរដឹងថាពានរង្វាន់ Shopee Cup ឬ ASEAN Club Championship ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ២០០៣ ខណ:ក្រុមបាល់ទាត់ភ្នំពេញក្រោន និងណាហ្គាវើលដ៍ របស់កម្ពុជា ធ្លាប់ចូលរួម មុនពានរង្វាន់នេះត្រូវបានផ្អាករៀបចំនៅឆ្នាំ ២០០៥៕

Share.