ក្រុម​បាល់ទាត់​វិសាខា សមាជិក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian Leagueបាន​ប្រកាស​ចែក​ផ្លូវ​ជាមួយ​កីឡាករ​​ជម្រើសជាតិ​អាហ្វហ្គានីស្ថាន Mustafa Zazai នៅ​ដំណាច់​ជើង​ទី១ ដូចកាល​ឆ្នាំ​២០២១ នេះ។ នេះ​បើ​តាម​ការ​ជូនដំណឹង​របស់​ក្លិប​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍​នេះ។

ក្លិប​វិសាខា បាន​បញ្ជាក់​នៅ​លើ​ហ្វេសប៊ុក​ផ្លូវការ​ថា៖«ពួក​យើង​ទាំង​អស់​គ្នា សូម​អរគុណ​កីឡាករ​ Mustafa Zazai សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​ជួយ​ក្លិប​របស់​យើង​កន្លង​មក។ តាង​នាម​គ្រួសារ​បាល់ទាត់​វិសាខា សូមជូនពរ ZAZAI ជួបតែសំណាងល្អ និង​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​នា​ថ្ងៃ​អនាគត»។

ការ​ចែក​ផ្លូវ​ជាមួយ​កីឡាករ​ប្រជាជាតិ​អាស៊ី​មួយ​នេះ​គឺ​ស្រប​ពេល​ដែល​​វិសាខា មាន​កីឡាករ​អាស៊ី​មួយ​រូប​ទៀត​គឺ Lee Jae-gun ជា​ជនជាតិ​កូរ៉េខាងត្បូង ស្រប​ពេល​ដែល​ក្លិប​បាន​បន្ថែម​ខ្សែ​ប្រយុទ្ធ​ជនជាតិ​ប្រេស៊ីល Cristian Alex ដែល​បាន​ចូល​ជំនួស​កីឡាករ​អង់គ្លេស Charlie Machell ចាកចេញ​ទៅ​លីគ​កំពូល​ម៉ាឡេស៊ី។

អត្ថបទពាក់ព័ន្ធ៖ខ្សែ​ប្រយុទ្ធ​កូរ៉េខាងត្បូង​ថ្មី​របស់​វិសាខា និយាយ​ពី​ដំណើរ​មក​ប្រកប​អាជីព​លើក​ដំបូង​នៅ​កម្ពុជា

ចំណែក​ម្សិលមិញ​​នេះ​​ក្រុម​វិសាខា បាន​ប្រកួត​ឱ្យ​ប្រធាន​ក្រុម ង៉យ ស្រ៊ីន ខ្ចី​ជើង​ទៅ​ក្រុម​ខេត្ត​ព្រៃវែង ហើយ​កីឡាករ ផុន តៃនិញ ទៅ​ក្លិប​អគ្គីសនីកម្ពុជា ខ្ចី​ជើង​ផង​ដែរ​ក្នុង​ជើង​ទី២​នេះ។

ចំពោះ​ការ​ផ្ទេរ​កីឡាករ​ជាតិ (Transfer Window 2) សម្រាប់​ជុំទី​២​ នេះ​នឹង​ពន្យារ​ពេល​ពី​ថ្ងៃទី ២០ ខែសីហា ទៅ​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១វិញ។ ដោយ​ឡែក​ចំពោះ​ការ​ផ្ទេរកីឡាករ​អន្តរជាតិ​ គណៈកម្មការ​ប្រកួត​បាល់ទាត់ជាតិ​កម្ពុជា នឹង​រក្សា​កាល​បរិច្ឆេទថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ឱ្យ​នៅ​ដដែល។

សូម​បញ្ជាក់​ថា​ក្លិប​នីមួយៗ​ក្នុង​លីគ​កំពូល​កម្ពុជា អាច​ធ្វើការ​ដោះដូរ​កីឡាករ​របស់​ខ្លួន​​​ក្នុង​ជើង​ទី២ នេះ​បាន​ចំនួន​៥​នាក់ ដែល​ក្នុង​នោះ​មាន​កីឡាករ​ខ្មែរ​ចំនួន​៣​នាក់​ និង​កីឡាករ​បរទេស​ចំនួន​២​នាក់​ផងដែរ៕

អត្ថបទពាក់ព័ន្ធ៖៥​សំនួរ​ជាមួយ​លោក Colum Curtis ក្រោយ​ក្រុម​វិសាខា ឈរ​កំពូល​តារាងបណ្ដោះអាសន្ន

Telegram-Troryorng
Share.