បាក់ដងស្ទូចរថយន្តសង្កត់លើសំយ៉ាបផ្ទះប្រជាពលរដ្ឋ រត់គេចចែកជើងគ្នា។ ហេតុការណ៍នេះកើតឡើងនៅតាមផ្លូវកប់ស្រូវ ចំណុចការដ្ឋានស្ថាបនាលូ បំពង់ទឹក ក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ។

ម្ចាស់ផ្ទះរងគ្រោះទាំង២ផ្ទះ មានឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ លក់ដូរ និងឈ្មោះ ផេង បូរី ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់ដូរ រស់នៅផ្ទះកើតហេតុ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តស្ទូចធុនធំមួយគ្រឿង ម៉ាកMITSUBISHI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-1166 កំពុងស្ទូចលើកបំពង់ លូ នៅចំណុចការដ្ឋាន កំពុងធ្វើការងារ ស្រាប់តែបាក់ដាច់ដងស្ទូច រលំសង្កត់លើសំយ៉ាបផ្ទះ ចំនួន២ជាប់គ្នា បាក់ផុងស្ពានផ្លូវចូលផ្ទះ សំណាងល្អមិនបង្ករបួសដល់មនុស្ស ខូចខាតតែសម្ភារៈបន្តិចបន្តួច តែរត់ចែកជើងព្រាត ។

ក្រោយកើតហេតុ ខាងការដ្ឋានបានយករថយន្តស្ទូចចំនួន២គ្រឿង ដើម្បីលើកយកដងស្ទូចចេញ ដើម្បីយកទៅជួសជុលដោយខ្លួនឯង ។ ចំណែកផ្ទះចំនួន២ រងខូចខាតសំយ៉ាប ស្ពានផ្លូវចូល ត្រូវបានខាងការដ្ឋានជួសជុលជូនវិញ ៕

Share.