សិល្បៈជាតិ​៖ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០២៤ កម្មវិធី​សង្ក្រាន្តខ្មែរ​នៅ​កូរ៉េ​ បាន​រៀបចំ​ឡើង​​ចំនួន​ ៣​ទីតាំង​នៅ​សាធារណរដ្ឋ​កូរ៉េ​​ ដែល​មាន​​សហគមន៍​ខ្មែរ​ចូលរួម​ប្រមាណ​ ៣០៥០​នាក់​។

កម្មវិធី​ នេះ​អាច​​ប្រព្រឹត្ត​ទៅ​បាន​ក្រោយ​កិច្ច​សហការ​រវាង​ក្រសួង​ការ​ងារ​ និង ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ ជាមួយ​នឹង​ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្រុមការងារ ESEA និងសមាគមខ្មែរក្នុងសាធារណរដ្ឋកូរ៉េ។ កម្មវិធី​នេះ​រៀបចំ​នៅ​៣​ទីតាំង​ខុស​ៗ​ ក្នុង​នោះ​រួម​មាន​តំបន់ក្វាងជូ មាន​សហគមន៍​ខ្មែរ​ចូលរួម​ប្រមាណ​ ២០០០នាក់​ តំបន់​អ៊ុលសាន​ មាន​សហគមន៍​ខ្មែរ​ចូលរួម​ប្រមាណ​ ១០០០​នាក់​ និង​តំបន់​ថេហ្គូ​ មាន​សហគមន៍​ខ្មែរ​ចូលរួម​ប្រមាណ​១០០នាក់​។ ទន្ទឹម​​គ្នា​នេះ​ ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​ផ្សេងៗ​ទៀត​ ដូច​ជា​ តំបន់គីមផូ តំបន់ប៊ូឆន់ និងកោះជេជូ ក៏​រៀបចំ​កម្មវិធី​នេះ​ដូច​គ្នា​ដែរ​។

ការ​ប្រារព្ធកម្មវិធី​បុណ្យ​ជាតិ​នេះ​ ស្ថិត​ក្រោម​ស្មារតី​ជាតិ​និយម​របស់​បងប្អូន​ខ្មែរ​ ដែល​ចង់​រក្សានូវ​ទំនៀមទំលាប់​ប្រពៃណី​ដ៏​ល្អផូរផង់​របស់​ដូន​តា​ខ្មែរ។ កម្មវិធី​នោះ​មាន​រៀបចំពិធី​សានា​ ទៅតាម​ប្រពៃណី​ទំនៀមទំលាប់​ព្រះពុទ្ធ​សាសនា​ខ្មែរ និង​លេងល្បែង​ប្រជាប្រិយ​នានា​ ដូចជា៖ បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង និងរាំលេងកម្សាន្ដ ប្រកបដោយបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងសាមគ្គីភាពស្រាលាញ់រាប់អានគ្នាដូចបងប្អូន​រួម​ផ្ទៃ​តែមួយ​។

បន្ថែមពីនេះ បងប្អូនខ្មែរនៅកូរ៉េ ក៏មិនអាចភ្លេចបាននូវការរៀបចំកម្មវិធីដាក់បង្ហាញម្ហូបអាហារខ្មែរ ផលិតផលខ្មែរជាច្រើន ដូចជានំអន្សម នំគម ម្រេចខ្មែរ សម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីឱ្យអ្នកចូលរួមទស្សនា កម្សាន្ត និងស្វែងយល់ពីវប្បធម៌និងអរិយធម៌ខ្មែរដ៏ផូរផង់ រួមផ្សំជាមួយនឹងកម្មវិធីអាហារសាមគ្គីរួមគ្នា ក្រោយពីបញ្ចប់កម្មវិធីផងដែរ ។ សូមបញ្ជាក់ផងដែរថា កម្មវិធីធំនៃ “សង្ក្រាន្តខ្មែរនៅកូរ៉េ” នឹងរៀបចំនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់សិល្បករល្បីៗពីប្រទេសកម្ពុជា និងបន្តសហការរៀបចំនៅតាមតំបន់នានានៅសប្តាហ៍បន្តបន្ទាប់ទៀតរហូតដល់ចុងសប្តាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២៤ ខាង​មុខ​នេះ​៕

Share.