សិល្បៈ​ជាតិ​៖ ទើប​តែ​ចេញ​ផ្សាយ​ក្ដៅ​ៗ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា​ ឆ្នាំ​២០២៤ កំពូល​តារា​ចម្រៀង​សំនៀង​ផ្អែម​ស្រទន់​ អ្នក​នាង​ មាស​ សុខសោភា ​បាន​ចេញ​បទ​ចម្រៀង​ «តប់» វាយ​លុក​ចូល​ទីផ្សារ​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ មហាសង្ក្រាន្ត​ ២០២៤។ ជា​ការ​កត់​សម្គាល់​លើស​ពី​អត្ថន័យ​ គុណភាព​ នៃ​បទ​ចម្រៀង​ ហ្វេន​ៗ​មាន​ការ​ចាប់​អារម្មណ៍​ជា​ពិសេស​ចំពោះ​វត្តមាន​តួ​ឯក​ប្រុស​រូប​សង្ហា​ទំរង់​មុខ​កូន​កាត់​ ហ្វីលីពីន រឹម​ ហាក់​ហេង។

បើ​ចាំ​មិន​ខុស​ អ្នក​និយម​គាំទ្រ​វិស័យ​ប្រកួត​សម្រស់​ប្រាកដ​ជា​ស្គាល់​តួ​​ឯក​ប្រុស​របស់​អ្នក​នាង​​ មាស សុខសោភា ខាង​លើ​នេះ​យ៉ាង​ច្បាស់​ ព្រោះ​ រឹម ហាក់ហេង​​ មាន​តំណែង​ជា​លំដាប់​រងទីមួយ​ នៃ​កម្មវិធី​ប្រកួត​សម្រស់​ផ្នែក​បុរស​ Mister Friendship Cambodia 2023 ហើយ​បុរស​សង្ហា​ដដែល​នេះ មុន​ពេល​ចូល​ប្រកួត​​ ក៏​ធ្លាប់​ផ្ទុះ​នូវ​ប្រជាប្រិយភាព​ខ្លាំង​ដែរ​ បន្ទាប់​ពី​មាន​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ទៅ​សម្ភាសន៍​លោក និយាយ​អំពី​ផ្កា​ក្រដាស នា​ទិវាបុណ្យ​នៃ​ក្ដី​ស្រលាញ់​។

សម្រាប់ MV គុណភាព​ បទ​ «តប់» នេះ ឃើញ​ថា​មាន​សន្ទុះ​គាំទ្រ​យ៉ាង​ច្រើន ពី​ហ្វេន​ៗ​របស់​អ្នក​នាង​ មាស សុខសោភា ចាប់​តាំង​ពី​បាន​បង្ហោះ​ផ្សព្វផ្សាយ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៧ ខែ​មេសា មក​ដល់​ត្រឹម​ថ្ងៃ​ទី​៨ ខែ​មេសា មាន​ចំនួន​ទស្សនា (Views) 55K។

Share.