វិសាខា ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង និងបឹងកេត គឺ​ជា​ក្រុម​ទាំង ៤​ដែល​អាច​ឡើង​មក​កាន់​វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់បាល់ទាត់ សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវកាល ឆ្នាំ២០២៣-២៤​ ស្រប​ពេល​ដែល​នៅ​លីគកំពូល​កម្ពុជា ក្រុម​ទាំង ៤នេះ​ក៏​បាន​កក់កៅអី Top 4 រួច​រាល់​ហើយ​ដែលបើទោះ​ជា​នៅ​សល់​មួយប្រកួត​ទៀត​។

ដោយឡែក​សម្រាប់​ពាន​រង្វាន់បាល់ទាត់ សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវ​កាល ឆ្នាំ២០២៣-២៤ ក្រុម​ទាំង ៤នឹង​ត្រូវ​ជួប​គ្នា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ ថ្ងៃទី១០ ខែមេសា ស្អែក​នេះ ដោយ​ព្រះខ័នរាជស្វាយរៀង ប៉ះ បឹងកេត នៅកីឡដ្ឋាន ស្វាយរៀង វេលាម៉ោង ១៨:០០នាទីល្ងាច និង ភ្នំពេញក្រោន ប៉ះ វិសាខា នៅកីឡដ្ឋាន ស្មាត អអេសអិន វេលាម៉ោង ១៨:០០នាទីល្ងាច។


​រំលឹក​ថា នៅវគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រក្នុង​ជំនួប​ជើង​ទី១ កន្លង​មក​ព្រះ​ខ័នរាជស្វាយរៀង បាន​យក​ឈ្នះ​បឹង​កេត ៣-១ ខណ:ភ្នំពេញក្រោន ស្មើជាមួយ​វិសាខា ២-២ នៅវគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ជើងទី១ នៃពាន​រង្វាន់​បាល់​ទាត់ សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវកាល ឆ្នាំ២០២៣-២៤។

ជំនួប​ទាំង​២ ជើង​នេះក្រុម​ដែល​មាន​គ្រាប់បាល់​ច្រើននឹង​ត្រូវ​ឡើងជួប​គ្នា​នៅ​វគ្គផ្ដាច់ព្រ័ត្រ នៅ​ថ្ងៃ​ទី២៨ ខែមេសា ឆ្នាំ​២០២៤ ដើម្បី​ដណ្ដើម​ជើង​ឯក​ នៃ​ពាន​រង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ រដូវកាល ឆ្នាំ២០២៣-២៤ ថ្នាក់​ជាតិ។

ខាង​ក្រោម​នេះ​គឺ​ជា អតីត​ម្ចាស់​ជើង​ឯក​ដែល​នៅ​សល់​ក្នុង​វគ្គ​៨ក្រុម​ចុងក្រោយ​មាន​ដូចជា៖
១) ព្រះខ័នរាជស្វាយរៀង ធ្លាប់​ឈ្នះ​៤សម័យកាល (២០១១,២០១២,២០១៥,២០១៧)
២) វិសាខា ធ្លាប់​ឈ្នះ​៣សម័យកាល (២០២០,២០២១,២០២២)
៣) ភ្នំពេញក្រោន ធ្លាប់​ឈ្នះ​២​សម័យកាល (២០០៨,២០០៩)
៤) ណាហ្គាវើល ធ្លាប់​ឈ្នះ​១សម័យកាល (២០១៣)
៥) បឹងកេត ធ្លាប់​ឈ្នះ​១​សម័យកាល (២០១៩)


ចំណែក​​ក្រុម​ខេមរាកីឡា ដែល​ធ្លាប់​ឈ្នះ​ជើង​ឯក​កាល​ពី​រដូវកាល​ទី១ ក្នុង​ឆ្នាំ​២០០៧ កន្លង​ទៅ​បាន​រំសាយ​ក្លិប​បាត់​ទៅ​ហើយ៕

Share.