សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ​សម្រាប់​ឆ្នាំ​២០២៤ ក្រសួងផែនការ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ នេះ បានបន្តលើកទឹកចិត្តដល់គូស្វាមីភរិយា ដែលមានលទ្ធភាពខាងសេដ្ឋកិច្ច គួរមានកូនច្រើន ដើម្បីចៀសវាងនូវហានិភ័យកង្វះកម្លាំង នាពេលអនាគត។

ការអំពាវនាវដូច្នេះ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីទិន្នន័យជំរឿនប្រជាជនកម្ពុជា ឆ្នាំ២០១៩ បង្ហាញនូវការព្រួយបារម្ភ នៅឆ្នាំ២០៥០ខាងមុខ ប្រជាជនកម្ពុជា ដែលមានវ័យចាស់អាចមានចំនួនច្រើនជាង មនុស្សវ័យកណ្តាល ដោយសារតែអត្រាកំណើតមានទាប។

សម្តេចធិបតីបានបញ្ជាក់យ៉ាងដូច្នេះថា បើសិនជាចំនួនអ្នកកើត កាន់តែតិចជាងចំនួនអ្នកចាស់ យើងមិនយូរមិនឆាប់អាចខ្វះកម្លាំងពលកម្ម ហើយនៅប្រទេសជិតខាងរបស់យើងមានបញ្ហានេះ

ក្នុងន័យនេះ សម្តេចបានបញ្ជាក់ថា «បើទោះបីទិន្នន័យជំរឿនបង្ហាញថាកម្ពុជា មិនទាន់មានបញ្ហាចោទនៅឆ្នាំ២០៥០ ចំពោះការខ្វះកម្លាំងពលកម្មក្តី ប៉ុន្តែយើងមានឃើញសញ្ញានៃការថយចុះ រវាងគម្លាតអ្នកដែលមានអាយុចាស់ និងអ្នកដែលពេញកម្លាំង គឺចាប់ផ្តើមកើន ហើយប្រសិនបើអត្រាកំណើតកាន់តែថយ យើងនឹងអាចមានបញ្ហាប្រឈម»

យោងតាមលទ្ធផលចុងក្រោយជំរឿនទូទៅប្រទេសកម្ពុជា ឆ្នាំ២០១៩ តាមតួលេខបណ្តោះអាសន្ន ក្នុងទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ប្រជាជនសរុបមានចំនួន ១៥,២៨៨,៤៨៩នាក់ ក្នុងនោះមានប្រុស ៧,៤១៨,៥៧៧នាក់ និងស្រី ៧,៨៦៩,៩១២នាក់។ ចំនួនប្រជាជនសរុបកើនឡើង ១,៨៩២,៨០៧នាក់ ត្រូវនឹង១៤.១ភាគរយ រយៈពេល១១ឆ្នាំ រវាងឆ្នាំ២០០៨ និងឆ្នាំ២០១៩។ តួលេខទាំងនេះ មិនរាប់បញ្ចូលពលករធ្វើការនៅក្រៅប្រទេសឡើយ។

អត្រាកំណើនប្រជាជនប្រចាំឆ្នាំបានថយចុះពី ១.៥ភាគរយ ក្នុងចន្លោះឆ្នាំ១៩៩៨ និង២០០៨ មក ១.២ភាគរយ ក្នុងចន្លោះឆ្នាំ២០០៨ និង២០១៩។ អត្រាកំណើនប្រចាំឆ្នាំរបស់កម្ពុជា ក្នុងទសវត្សចុងក្រោយនេះពិនិត្យឃើញថា ខ្ពស់ជាងអត្រាកំណើនមធ្យមនៅអាស៊ីអាគ្នេយ៍ ដែលមានតែ ១.០ភាគរយ៕

Share.