ព្រះខ័នរាជស្វាយរៀង នឹង​ត្រូវ​បើក​ទ្វា​កីឡដ្ឋាន​ស្វាយរៀង ដើម្បី​ទទួល​ក្រុម​បឹង​កេត ក្នុង​ជំនួប​ជើង​ទី២ នៃ​ពាន​រង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ រដូវកាល ឆ្នាំ២០២៣-២៤ ថ្នាក់​ជាតិ នៅ​ល្ងាច​នេះ ចាប់​ពី​ម៉ោង ៦:០០នាទីល្ងាចតទៅ។

ជុំវិញ​ការ​ប៉ះ​គ្នា​នៅ​ជើង​ទី២​នេះ លោក Pep Munos គ្រូបងបង្វឹកព្រះខ័នរា​ស្វាយ​រៀង ​បាន​លើក​ឡើង​ថា៖ វាអាច​ជាការប្រកួតយុទ្ធសាស្ត្រមួយ។ បឹងកេតទើបតែរក្សាបានតំណែង ក្រុមកំពូលទាំង ៤នៅក្នុង លីគ​កាល​ពីអាទិត្យមុន ហើយពួកគេកំពុងតែលេង ស៊ីចង្វាក់គ្នាបានយ៉ាងល្អ។ ពួកគេ​បង្ហាញ​ពី​គុណភាព​នៃការលេងរបស់គេ រៀងរាល់ការប្រកួត ហើយយើងបានដឹង យើង​ត្រូវ​តែ​លេង​ការ​លេង​ឲ្យបាន ល្អដើម្បីទទួលបានជោគជ័យ។

ពានរង្វាន់សម្តេច ហ៊ុន សែន គឺពិតជាពិសេសណាស់សម្រាប់យើង ហើយក្រុម​មាន​ការតាំង​ចិត្ត​ខ្ពស់​ដើម្បីថ្ងៃនេះ។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាវគ្គដែលតានតឹងខ្លាំង យើង​ត្រូវ​តែបង្ហាញ​ពី​មហិច្ចតា​របស់​យើង និងភាពជឿជាក់ ហើយនឹងគោលបំណងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។ ពួក​យើង​ចង់ផ្តល់​ជូន​ជ័យ​ជំនះ មួយផ្សេងទៀតជូនអ្នកគាំទ្ររបស់យើងនៅក្នុងដី។

វិសាខា ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង និងបឹងកេត គឺ​ជា​ក្រុម​ទាំង ៤​ដែល​អាច​ឡើង​មក​កាន់​វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់បាល់ទាត់ សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវកាល ឆ្នាំ២០២៣-២៤​។ ខណ:មួយគូទៀត នៅ​ល្ងាច​នេះ វិសាខា ប៉ះភ្នំពេញក្រោន នៅកីឡដ្ឋាន ស្មាត​អអេសអិន។

ជំនួប​ទាំង​២ ជើង​នេះក្រុម​ដែល​មាន​គ្រាប់បាល់​ច្រើននឹង​ត្រូវ​ឡើងជួប​គ្នា​នៅ​វគ្គផ្ដាច់ព្រ័ត្រ នៅ​ថ្ងៃ​ទី២៨ ខែមេសា ឆ្នាំ​២០២៤ ដើម្បី​ដណ្ដើម​ជើង​ឯក​ នៃ​ពាន​រង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ រដូវកាល ឆ្នាំ២០២៣-២៤ ថ្នាក់​ជាតិ។

​រំលឹក​ថា នៅវគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រក្នុង​ជំនួប​ជើង​ទី១ កន្លង​មក​ព្រះ​ខ័នរាជស្វាយរៀង បាន​យក​ឈ្នះ​បឹង​កេត ៣-១ ខណ:ភ្នំពេញក្រោន ស្មើជាមួយ​វិសាខា ២-២ នៅវគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ជើងទី១ នៃពាន​រង្វាន់​បាល់​ទាត់ សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវកាល ឆ្នាំ២០២៣-២៤៕

Share.