ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០២៤ នាសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ចើញ បើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆ្នាំ២០២៣ និងទិសដៅបន្តឆ្នាំ២០២៤ របស់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងផ្សព្វផ្សាយទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ និងផ្សព្វផ្សាយប្រកាសលេខ ៨៧៣ ប្រក ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រី នាយ-នាយរង ការិយាល័យជំនាញ លោកមេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ និង៦១៧ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលការពារព្រំដែនទាំង១៦ លោកអធិការក្រុង-ស្រុកទាំង៧  និង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ទាំង៦៤ ។


 នៅរសៀលថ្ងៃដដែល ស្នងការដ្ឋានបានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆ្នាំ២០២៣ និងទិសដៅបន្តឆ្នាំ២០២៤ របស់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងផ្សព្វផ្សាយទិសដៅការងារ ឆ្នាំ២០២៤ របស់ ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តម សេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គ ស្នងការនគរបាលជាតិ និងឯកឧត្តម ណុប ឡងឌី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ។


ឯកឧត្តម គណៈអធិបតី ក៏បានផ្តល់នូវអនុសាសន៍សង្ខេប៨ចំនុចដូចខាងក្រោម៖
១- បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ
២- បន្តពង្រឹងការអនុវត្តការងារនគរបាល និងសហគមន៍ ឱ្យកាន់តែល្អប្រសើរ
៣- បន្តពង្រឹងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹង និងសារធាតុញៀនចំពោះអ្នកបើកបរ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
៤-លុបបំបាត់ក្មេងទំនើង បញ្ហាគ្រឿងញៀន នៅមូលដ្ឋាន
៥- យកចិត្តទុកដាក់ថែទាំ សម្ភារ ឧបករណ៍ ធ្វើសមយុទ្ធ ការពន្លត់អគ្គីភ័យ និងបន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យ
៦- បន្តការបម្រើសេវាតម្រូវការ សេវាចាំបាច់ និងបង្ខិតសេវា អោយកៀកនឹងប្រជាពលរដ្ឋ
៧- ថែបំប៉នជីវភាព សុខភាព ក្នុងជួរកងកម្លាំងនគរបាល
៨- ពង្រឹងការគ្រប់គ្រងមន្ត្រីនគរបាល វិន័យនគរបាលជាតិ និងបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ។


ក្នុងពិធីខាងលើមានការប្រគល់ជូននូវ វិញ្ញាបនបត្របញ្ជាក់នីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ ប័ណ្ណសរសើរ លិខិតសរសើរ របស់ក្រសួងមហាផ្ទៃ និងលិខិតសរសើរ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ផងដែរ ៕

អត្ថបទ៖ សាន វីឡែម

Share.