ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណជិត២០០នាក់ តំណាងឱ្យ៥២០គ្រួសារ ដែលរងគ្រោះដោយសារតែទំនាស់ដីធ្លី នៅក្នុងឃុំរកាខ្ពស់ និងឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលមានរយៈពេលជាង១០ឆ្នាំមកហើយនោះ បានបន្តលើកគ្នាទៅក្រសួង រៀបចំដែនដីនគររូបនីយកម្ម និងសំណង់ជាថ្មីដើម្បីគាំទ្រ និងលើកទឹកចិត្តតំណាង ដែលក្រសួងបានអញ្ជើញ ចូលទៅសាកសួរពីគោលបំណងចង់អោយមានដំដោះស្រាយ។

តាមប្រជាពលរដ្ឋ ដែលលើកគ្នាទាមទាររកដំណោះស្រាយ បានឱ្យដឹងនៅមុខក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ ២០០៣ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ខែមេសា ឆ្នាំ ២០២៤ ថា ពួកគាត់មានចំនួន ៥២០គ្រួសារ បានរងភាពអយុត្តិធម៌ ជាង១០ឆ្នាំមកហើយ បន្ទាប់ពី ពួកគាត់ទិញដី ឡូតិ៍ ពីបុរីភូមិខ្ញុំរបស់ ក្រុមហ៊ុនជេម ខេម ដោយស្របច្បាប់ ហើយត្រូវបានក្រុមហ៊ុនមួយទៀត មកឈូសឆាយរំលោភយក និងយកដីរបស់ពួកគាត់ទៅលក់បន្តទៀត។

ពួកគាត់បន្តថា ដែលជាប្រជាពលរដ្ឋ រងគ្រោះ មានទាំងមន្រ្តីរាជការ ប៉ូលិស ទាហាន កងរាជអាវុធហត្ថ គ្រូបង្រៀន  បុគ្គលិក ក្រុមហ៊ុនឯកជន អង្គការ អាជីវករ និងមន្រ្តីរាជការចូលនិវត្តន៍ រាប់រយគ្រួសារ រស់នៅ រាជធានីភ្នំពេញ និងតាមបណ្តាខេត្តបាននាំគ្នាទិញដី ដែលស្ថិតនៅ ភូមិទួលក្រសាំង , ភូមិ អំពៅ , ភូមិគោករមៀត, ឃុំរកាខ្ពស់ និងឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងបានទទួលបានលិខិតផ្ទេរសិទ្ធិកាន់កាប់ដោយមានអាជ្ញាធរទទួលស្គាល់តាំងពីឆ្នាំ ២០០៨ ស្រាប់តែនៅឆ្នាំ ២០១៦ មានគ្រឿងចក្រមកឈូសឆាយធ្វើទំនប់ហ៊ុមព័ទ្ធដីរបស់ពួកគាត់ព្រមទាំងហាម ចូលទៅដីរបស់ខ្លួន  ដោយអះអាងថា ដីនោះគេបានទិញ ពីក្រុមហ៊ុន ហេង អភិឌ្ឍន៍។

ប្រជាពលរដ្ឋ បានអោយដឹងទៀតថា ពួកគាត់បានរងនូវភាពអយុត្តិធម៌ជាទីបំផុត ពីព្រោះដីនោះ ត្រូវបានលោកជំទាវសៀង ចាន់ហេង បានផ្ទេរប្លង់កម្មសិទ្ធិដីទំហំ ៣២៩ ៧១០ម៉ែត្រការ៉េ អោយទៅលោក ប៊ុណ្ណ ច័ន្ទគ្រឹះស្នា ដើម្បី ពុះជាដីឡូតិ៍លក់ ដល់ប្រជាពលរដ្ឋ ហើយត្រូវបានអាជ្ញាធរមូលដ្ឋានដឹងឮថែមទៀតផង។ ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះគឺថា លោក ជំទាវ សៀង ចាន់ ហេង លក់ដី អោយគេពុះឡូតិ៍លក់ហើយ បែរជា យកដីនោះរួមទាំងដីផ្សេងទៀត របស់គាត់ទាំងអស់ ប្រមាណជាង៣០០ហិកតា មក ធ្វើជាប្លងរឹង ហើយលក់ទៅអោយ ឈ្មោះ គន់ គឹមយាត ភេទស្រី តាំងពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១២ ហើយ លក់បន្តទៀតទៅអោយក្រុមហ៊ុន អូរៀនថល ប៉ារិស អ៊ិនវេសមេន ដែលមានលោក លីហ្សីយ៉ុង ជាតំណាង នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥។

តាមតំណាងប្រជាពលរដ្ឋ បានបញ្ជាក់បន្ថែមថា ការជួបដោះស្រាយ ដោយមានការចូលរួមពី មន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ខេត្ត អភិបាលរងស្រុក និងដំណាងប្រជាពលរដ្ឋ ៨នាក់ ព្រមទាំងមន្រ្តីជំនាញក្រោមអធិបតីភាព លោក ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការរៀបចំដែនដីនគររូបនីយកម្ម និងសំណង់។ នៅក្នុងជំនួបនោះដំណាងប្រជាពលរដ្ឋ បានស្នើសុំឱ្យក្រសួង កាត់ឃ្វៀលដី ដែលជាចំណែកពួកគាត់ទិញ ប្រគល់ឱ្យប្រជាពរដ្ឋរងគ្រោះ  ឬក៏ដោះស្រាយជាគោលនយោបាយ ដោយសងសំណង ១គុណនឹង៥។ ទន្ទឹមនោះខាងក្រសួង ក៏បានទទួលយកសំណើរដើម្បីរាយការណ៍ជូនលោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជារដ្ឋមន្រ្តី ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ប្រជាពលរដ្ឋ សង្ឃឹមថា ក្រសួងនឹងរកដំណោះស្រាយ ដើម្បីបញ្ចប់ វិវាទដីធ្លីដ៍រ៉ាំរ៉ៃនេះ៕

អត្ថបទ៖ សេង សាវី

Share.