ប្រធាន​សហគមន៍​ទេសចរណ៍​ធម្មជាតិ​កំពង់​ភ្លុក​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ធ្វើ​ការ​កែសម្រួល​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ ដែល​បម្រើ​ដល់​ទេសចរណ៍​តំបន់​នេះ ក្រោយ​ពេល​ស្ថានភាព​ទេសចរណ៍​ចាប់​ផ្ដើម​ងើប​ឡើង​វិញ ជា​បណ្ដើរៗ​។

លោក សាង គង់ ប្រធាន​សហគមន៍​ទេសចរណ៍​ធម្មជាតិ​កំពង់​ភ្លុក លើក​ឡើង​នូវ​តម្រូវការ​ចាំបាច់​បី ដែល សហគមន៍​របស់​លោក​កំពុង​ខ្វះខាត ដោយ​ក្នុង​នោះ ទី១ ផ្លូវថ្នល់ ទី២ ស្ដារ​ព្រែក​ឲ្យ​ជ្រៅ​ជាង​មុន និងទី៣ ស្នាក់​ការ​សន្តិសុខ និង​ផ្ដល់​ព័ត៌មាន​ដើម្បី​សម្រួល​ដល់​ភ្ញៀវ​ទេសចរ​។

បើ​តាម​លោក សាង គង់ សហគមន៍​ទេសចរណ៍​ធម្ម​ជាតិ​កំពង់​ភ្លុក គ្រប​ដណ្ដប់​លើ​ភូមិ​ចំនួន​បី នៃ​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប មាន​ប្រជាជន​សរុប​ជាង ៣ ៨០០ នាក់ ប្រកប​របរ​នេសាទ ៣០ ភាគរយ ហើយ​ងាក​មក​ប្រកប​របរ​បម្រើ​សេវា​ទេសចរណ៍​៥០​ភាគរយ ក្រៅ​ពី​នោះ​នៅ​មាន​របរ​ផ្សេងៗ​ទៀត​។ សហគមន៍​ទេសចរណ៍​ធម្មជាតិ កំពង់ភ្លុក មាន​សហគមន៍​ចំណុះ​ចំនួន​៣​ទៀត គឺ​សហគមន៍​នេសាទ សហគមន៍​ទេសចរណ៍​ធម្មជាតិ និង​សហគមន៍​ទូក​ដឹក​ភ្ញៀវ​ទេសចរណ៍​។ សហគមន៍​ទេសចរណ៍​ធម្មជាតិ​កំពង់​ភ្លុក​មាន​ព្រៃ​ឈើ​ជាង ៤០ ហិកតារ នៅ​ជាប់​នឹង​បឹង​ទន្លេសាប ដែល​ជា​ទី​អាស្រ័យ​នៃ​ជីវចម្រុះ​ផ្សេងៗ ជា​ពិសេស​សត្វ​ស្លាប ហើយ​វា​បាន​ក្លាយ​ជា​សក្ដានុពល​ទេសចរណ៍​ដ៏​ស្រស់​បំព្រង ទាំង​រដូវ​ប្រាំង​ និង​វស្សា​៕

ដោយ ឈិន ធារ៉ាត់

Share.