ភ្នំពេញ ៖ បុរសម្នាក់ជាកម្មកររោងចក្រ លុយចាយមិនគ្រប់ អត់លុយទៅស្រុក បែកគំនិតទៅហែកទ្រុងលួចមាន់២ក្បាល បានសម្រេចម្តងហើយ ញាមទៅហែកទ្រុងម្តងទៀត ម្ចាស់តាមទាន់ ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នៅផ្លូវបេតុង ក្រុម១ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ចែម សេង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិជើងឌិក ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ចំណែកម្ចាស់មាន់ជាជនរងគ្រោះមានឈ្មោះ ប្រុស ពៅ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅខេត្តតាកែវ ។

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ កន្លងមក មានជនសង្ស័យបន្លំចូល ហែកទ្រុងលួចមាន់ឈ្មោលអស់២ក្បាល ឆែកមើលតាមរយៈកាមេរ៉ាសុវត្តិភាព ស្គាល់ស្លាកលេខម៉ូតូ ស្គាល់ភិនភាគជនសង្ស័យ សំគាល់ចំណាំទុក លុះមកដល់ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំៗ០២៤នេះ ខណៈដែលកំពុងនៅក្នុងបន្ទប់ ស្រាប់តែឮសូរមាន់ស្រែកកងរំពង ចេញមកមើលឃើញជនសង្ស័យហែកបើកទ្រុងមាន់ ស្គាល់ស្លាកលេខម៉ូតូ ស្គាល់ភិនភាគ ជនសង្ស័យធ្លាប់លួចម្តងហើយ ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅប៉ុស្តិ៍ ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន រួមជាមួយម៉ូតូមួយគ្រឿង ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JL-4950 ជាមធ្យោបាយ ជិះធ្វើសកម្មភាព ។

តាមចម្លើយសារភាព ជនសង្ស័យកន្លងមកពិតជាលួចមាន់ឈ្មោលចំនួន២ក្បាល នៅចំណុចខាងលើពិតមែន យកទៅលក់ឱ្យគេនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ គ្រាន់បានលុយទុកទៅលេងស្រុកខែចូលឆ្នាំ លុះលើកទី២នេះ ទៅបើកហែកទ្រុងម្តងទៀត ម្ចាស់ចេញមកទាន់ចាប់ឃាត់ខ្លួនតែម្តង ។

បើតាមជនរងគ្រោះបានបញ្ជាក់ផងដែរ គាត់មិនប្តឹងផ្តល់ទេ ឱ្យតែយកមាន់មកឱ្យគាត់វិញ ហើយត្រូវបានសាច់ញាតិរបស់ជនសង្ស័យ តាមទៅរកយកបានមកវិញតែមួយក្បាល ប្រគល់ជូនជនរងគ្រោះវិញ សញមឱ្យសមត្ថកិច្ចគ្រាន់តែធ្វើការអប់រំ រួចអនុញ្ញាតិឱ្យវិលត្រឡប់ទៅវិញ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.