ក្រុម​បាល់ទាត់ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់​លោក Oleg Starynskyi បានកក់កៅអីទៅ​វគ្គផ្តាច់ព្រ័ត្រ ជា​លើក​ដំបូងនៃរយៈពេល ១៤ឆ្នាំ ក្រោយ​យកឈ្នះ​លើក្រុម​វិសាខា នៅជើងទី២​ដោយលទ្ធផល ៤-១ សរុប​ទាំង​ពីរ​ជើង ៦-៣ កាលពី​រាត្រីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ក្នុងកីឡដ្ឋាន Smart RSN ។

បើនិយាយឱ្យ​ស៊ីជម្រៅ​បន្តិច ក្រុម​បាល់​ទាត់​ភ្នំពេញ​ក្រោន ខកខាន​ឡើង​ទៅ​ជុំផ្តាច់​ព្រ័ត្រ អស់រយៈពេល ១៤ឆ្នាំហើយ ខណៈពានរង្វាន់ជើងឯកថ្នាក់ជាតិមួយនេះ បានបង្តើតឡើងនៅឆ្នាំ២០០៧ ពោលគឺមានអាយុ​កាល១៧ឆ្នាំ​។

មុនខកខានឡើង​ទៅវគ្គផ្តាច់ព្រ័ត្រ ក្រុមបាល់​ទាត់ភ្នំពេញក្រោន បាន​គ្រងជើងឯកពានរង្វាន់សម្តេចតេជោ បានចំនួន២រដូវកាល​រួចទៅហើយក្នុងនោះឈ្នះជើងឯកឆ្នាំ២០០៨ និងនៅឆ្នាំ២០០៩ ពោលគឺ២ឆ្នាំជាប់​ៗ​គ្នា​តែ​ម្តង។

ទាំងនេះគឺជាប្រវត្តរបស់ក្រុមភ្នំពេញក្រោន ចាប់ពីឆ្នាំ២០១០ មកដល់ឆ្នាំ២០២៤៖

ក្រោយមកនៅឆ្នាំ២០១០ ក្រុមភ្នំពេញក្រោន ចាញ់ក្រុមកងយោធនពលខេមរភូមិន្ទ ដោយលទ្ធផល ២-៣ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១០។

ឆ្នាំ២០១១ ក្រុមភ្នំពេញក្រោន ចាញ់ក្រុមបៀលប្រាយយូណាយធីត វគ្គ៨ក្រុមចុងក្រោយ ដោយលទ្ធផល ៧-៦។

នៅឆ្នាំ២០១២ ក្រោមភ្នំពេញក្រោន ធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ ដោយថ្វីជើងព្រះខ័នរាជស្វាយរៀង ដោយគ្រានោះចាញ់ដោយលទ្ធផល ៤-០ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១២ ដែលការប្រកួតនោះធ្វើនៅកីឡដ្ឋាន​ស្តាត​ចាស់។

ឆ្នាំ២០១៣ ក្រោមភ្នំពេញក្រោន ធ្លាក់ត្រឹមវគ្គ៤ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមទ័ព ដោយបាល់​កាត់​ក្តី១១ម៉ែត្រ ក្រោយស្នើគ្នា ១-១ ពេញ៩០នាទី និងម៉ោងបន្ថែម ហើយក្រោមភ្នំពេញក្រោន បានត្រឹមលេខ៣ ក្រោយឈ្នះគិរីវង្សសុខសែនជ័យ ដោយលទ្ធផល ៣-០។

ឆ្នាំ២០១៤ ក្រោមភ្នំពេញក្រោន ធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ ដោយថ្វីជើង ក្រុមបៀល​ប្រាយយូ​ណាយ​ធីត ដោយ​លទ្ធផល ១-០ កាលពីថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៤ ដែលការប្រកួតនោះធ្វើនៅកីឡដ្ឋានស្តាតចាស់។

ឆ្នាំ២០១៥ ក្រោមភ្នំពេញក្រោន ធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ ដោយថ្វីជើងព្រះខ័នរាជស្វាយរៀង ដោយ​លទ្ធផល ៤-១ កាលពីថ្ងៃទី១ កុម្ភៈ ឆ្នាំ២០១៥ នៅកីឡដ្ឋានខេត្ត​ស្វាយរៀង ។

ឆ្នាំ២០១៦ ក្រោមភ្នំពេញក្រោន បានត្រឹមលេខ៣ ប៉ុណ្ណោះ ក្រោយចាញ់ក្រុមព្រះខ័នរាជស្វាយរៀង នៅ​វគ្គ​៨​ក្រុមចុង​ក្រោយ ដោយបាល់កាត់ក្តី១១ ម៉ែត្រ ក្រោយ​ស្នើគ្នា ០-០ ពេញ៩០នាទី និងម៉ោងបន្ថែម តែឈ្នះ ក្រុមCMAC នៅវគ្គដណ្តើមយកលេខ៣ ដោយលទ្អផល ១-០ ដែលការប្រកួតនោះធ្វើឡើងនៅពហុ​កីឡដ្ឋាន​ជាតិ។

ឆ្នាំ២០១៧ ក្រោមភ្នំពេញក្រោន ធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ ដោយថ្វីជើងណាហ្គាវើលដ៍ ក្រោយ​ចាញ់​ទាំង​ពីរជើង សរុបលទ្ធផល ៣-១ ដោយកាលពីជើងទី១ ភ្នំពេញក្រោន ចាញ់ណាហ្គាវើលដ៍ ២-១ និងជើង​ទី២ ០-១។

ឆ្នាំ២០១៨ ក្រោមភ្នំពេញក្រោន ធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ ក្រោយចាញ់ក្រុមអង្គរថាយហ្គឺរ យ៉ាង​មិន​គួរ​ឱ្យជឿរ នៅវគ្គ​បាល់​កាត់ក្តី១១ម៉ែត្រ ៣-៤ បន្ទាប់ពីស្មើ​គ្នាទាំងពីរជើង ៤-៤ ។

ឆ្នាំ២០១៩ ក្រោមភ្នំពេញក្រោន ធ្លាក់ត្រឹមវគ្គ៤ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រោម ព្រះខ័នរាជ​ស្វាយ​រៀង ដោយបាល់កាត់ក្តី១១ម៉ែត្រ ៥-៤ ក្រោយស្មើគ្នា ០-០ ពេញ៩០នាទី និងម៉ោងថែម ។

នៅឆ្នាំ២០២០ ក្រោមភ្នំពេញក្រោន ធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមថ្វីជើងក្រុមណាហ្គាវើលដ៍ នៅវគ្គបាល់កាត់ក្តី១១ ម៉ែត្រ ដោយលទ្ធផល ៣-១ ក្រោយស្នើគ្នា ០-០។

ឆ្នាំ២០២១ ក្រោមភ្នំពេញក្រោន ធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយចាញ់ក្រុមព្រះខ័នរាជស្វាយ​រៀង ដោយគ្រា​នោះស្វាយរៀង យកឈ្នះ​ដោយលទ្ធផល ៣-២ ហើយក្រុមភ្នំពេញក្រោន បន្តចាញ់បឹងកេត ដោយលទ្ធផល ២-០ នៅវគ្គដណ្តើមយកលេខ៣។

ឆ្នាំ២០២២ ក្រោមភ្នំពេញក្រោន ធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយចាញ់ក្រុមវិសាខា ទាំង​ពីរជើងដោយលទ្ធផល ៤-២ ដោយកាលពីជើងទី១ វិសាខា ឈ្នះ២-១ ជើងទី២ វិសាខា បន្តឈ្នះ២-១ ទៀត។

ពេលនេះឆ្នាំរដូវកាលឆ្នាំ២០២៣-២៤ ក្រុមភ្នំពេញក្រោន បានយកឈ្នះលើក្រុមវិសាខា ដោយលទ្ធ​ផលវា​យ​បក ៤-១ សរុបទាំងពីរជើង៦-២។

ដូចនេះក្រុមភ្នំពេញក្រោន នឹងត្រូវប៉ះក្រុមណដែលឈ្នះជើងឯកច្រើនជាងគេព្រះខ័នរាជស្វាយរៀង នៅថ្ងៃ​ទី២៨​ ខែមេសា ឆ្នាំ២០២៤​ ខាងមុខ ខណៈក្រុមវិសាខា ត្រូវប៉ះបឹងកេត ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ​៣។

សូមបន្ថែមថា ក្រុម​ព្រះខ័នរាជស្វាយរៀង មាន​ឱកាស​បន្ត​ងារ​ជា​ក្រុម​ឈ្នះ​ពានរង្វាន់​នេះ​បាន​ច្រើន​ជាង​គេ ខណៈ​គិត​ត្រឹម​ពេល​នេះ​ធ្លាប់​ឈ្នះ​ជើង​ឯក​បាន​៤លើក​ហើយ គឺ​នៅ​ឆ្នាំ​​២០១១,២០១២,២០១៥,២០១៧។

ទាំង​​ព្រះខ័នរាជស្វាយរៀង និង​ភ្នំពេញក្រោន សុទ្ធ​តែ​ស្ថិត​ក្នុង​បញ្ជី​​ក្រុម​វ័យ​ចំណាស់​ជាង​គេ​នៅ​ពានរង្វាន់ បើបូកទាំង​ណាហ្គាវើល, ខ.ភ.ម និង ក្រសួងមហាផ្ទៃ៕

Share.