ឆ្នាំនេះខេត្តព្រៃវែង បានរៀបចំសង្រ្កាន្ដឆ្នាំថ្មី ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនា និងលេងកម្សាន្ដក្នុងព្រឹត្តិការណ៍ «សង្រ្កាន្ដព្រៃវែង២០២៤» នៅទីរួមខេត្ត ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្រៅពីនោះ លោកអ្នកអាចឆ្លៀតទៅលេងកម្សាន្ដនៅទីតាំងល្បីៗ ប្រចាំខេត្តផងដែរ។

បើទៅលេងខេត្តព្រៃវែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កុំរំលងកន្លែងកម្សាន្ដល្បីៗ ៣ទីតាំង ប្រចាំខេត្ត។

១. ចុង​ប៉ម​កន្លែង​មើល​ថ្ងៃ​លិច​ស្អាត​បំផុត​

ជាទីកន្លែងដែលអាចអង្គុយមើលសម្រស់ថ្ងៃលិចស្អាតបំផុត រួមទាំងមានខ្យល់អាកាសបរិសុទ្ធ។ លើសពីនេះលោកអ្នកអាចទៅទស្សនារោងទូក«ង» វែងជាងគេលើពិភពលោក ដែលមានប្រវែងជាង ១០០ម៉ែត្រ ត្រូវបានគេប្រសិទ្ធនាមថា «កម្ពោជិកបុត្តាខេមរាតរី» បាន​ជាប់​កំណត់ត្រាពិភព​លោក ​World Guinness Record នៅ​ថ្ងៃទី១​២ ខែវិច្ឆិកា​នេះ ​បន្ទាប់ពី​បាន​ដាក់​ឲ្យ​បង្ហាញខ្លួន​នៅលើ​ដង​ទន្លេ​របស់​កម្ពុជា នៅ​ទី​ប្រជុំជន​អ្នក​លឿង​ត្រើយ​ខាងកើត។ ​ពិធី​បំបែក​កំណត់ត្រា​ពិភពលោក​នេះ​ បានធ្វើ​ឡើង​ក្រោម​អធិបតី ​សម្ដេចក្រឡាហោម ស ខេង ​ឧបនាយករដ្ឋ​មន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​លោក Pravin Patel គណកម្មាធិការ​វិនិច្ឆ័យ​មកពី​អង្គការ World ​Guinness ​Record។ 

២. ឈើកាច់បាភ្នំ

បាភ្នំជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រដែលមានសក្ដានុពលជាងគេបំផុត​នៅខេត្តព្រៃវែង។ ​អ្នក​ប្រវត្តិសាស្ត្រ​អះអាង​ថា ទីនេះ​ជា​ទឹក​ដី​រាជធានី​ខ្មែរ​ដំបូង​បង្អស់​ដែល​មាន​ឈ្មោះថា «នគរភ្នំ​ ឬ​ហ៊្វូណន» ក្នុងរជ្ជកាលព្រះ​បាទ ​ហ៊ុន ទៀន​ នាសតវត្សទី១។ បរិយាកាសធម្មជាតិ ខ្យល់បរិសុទ្ធ ព្រៃឈើ និងវាលស្រែ​ពណ៌​ខៀវ​ស្រងាត់ជា​ផ្នែ​កមួយ​ទាក់ទាញភ្ញៀវ​មកកម្សាន្តទីនោះ។ លក្ខណៈពិសេស​មួយ​ទៀតគឺ រមណីយដ្ឋាន​នគរភ្នំជា​តំបន់​ស័ក្ដិសិទ្ធិ​ ហើយ​ប្រជាពលរដ្ឋ​ក្នុង​តំបន់នោះ​តែងតែ​រៀបចំ​ពិធី​​ឡើង​អ្នកតាមេសរ ជា​រៀងរាល់ឆ្នាំ​ដើម្បី​សុំសេចក្តីសុខ និង​ការពារប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិ។​

៣. បឹងស្នេហ៍

ជាតំបន់ដែលមានសត្វស្លាបជាច្រើន​ប្រភេទរាប់សិបម៉ឺនក្បាល ដែលហោះជា​ក្រុមៗមកទំជ្រកនៅព្រៃលិចទឹករាល់ល្ងាចនៅបឹងស្នេហ៍ ហើយតំប់នេះបានក្លាយ​ជាទិដ្ឋភាពយ៉ាងស្អាតបែបធម្មជាតិជាមួយនឹងសំឡេងស្រែកឆ្លើយឆ្លងកងរំពងលាន់ឮពេញព្រៃលិចទឹកទំហំ ៨០ហិកតា ធ្លា​យដល់ផ្ទៃ​ជលសារបឹងស្នេហ៍ជាង ២ពាន់ហិកតា ដែល​ព័ទ្ធជុំវិញព្រៃនោះ។

ក្រៅពីតំបន់ទាំងនោះលោកអ្នកក៏អាចទៅលេងកម្សាន្ដតំបន់រមណីយដ្ឋានជាច្រើនកន្លែងទៀតផងដែរ លើសពីនេះអាចវិលត្រឡបមកលេងល្បែងប្រជាប្រិយ រាំលេងកម្សាន្ដ ទស្សនាការតាំងពិព័ណ៌នៅទីរួមខេត្តនាឱកាសបុណ្យចូលឆ្នាំ២០២៤នេះផងដែរ៕

Share.