បន្ទាប់ពីមានវិវាទកើតឡើងរវាងម្ចាស់បុរីមួយចំនួននិងអតិថិជនរបស់ខ្លួនរហូតដល់កើតមានករណីផ្ទុះការតវ៉ានោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងជួយដោះស្រាយបញ្ហាជាបន្តបន្ទាប់នេះហើយ មិនបានដេកមើលការលំបាករបស់ប្រជាពលរដ្ឋលើបញ្ហានេះនោះឡើយ និងសំណូមពរឱ្យប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាល។

ការបញ្ជាក់របស់សម្ដេចប្រមុខរាជរដ្ឋាភិបាលនេះ ធ្វើឡើងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។

សម្តេចប្រមុខរាជរដ្ឋាភិបាលបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលមិនបានដេកមើលការលំបាករបស់ប្រជាជននោះទេ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជារដ្ឋមន្ត្រីក្រសួងនេះ បាននិងកំពុងធ្វើការប្រចាំថ្ងៃជាមួយបុរី ជាមួយប្រជាពលរដ្ឋដែលជាអ្នកទិញ ដើម្បីដោះស្រាយបន្តិចម្ដងៗ ក្នុងនោះមានប្រជាពលរដ្ឋរាប់ម៉ឺននាក់ដែលបាននិងកំពុងដោះស្រាយជាបន្តបន្ទាប់»។សម្ដេចសូមឱ្យប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាល។

«ទោះជាយ៉ាងណា យើងមិនអាចបំផ្លាញសេដ្ឋកិច្ចក្នុងរយៈពេលលំបាកនេះបានឡើយ សេដ្ឋកិច្ចវាតែងមានឡើងមានចុះ ពេលលំបាកយើងត្រូវតែរួមគ្នាដោះស្រាយ នៅពេលជោគជ័យនោះប្រជាពលរដ្ឋយើងនឹងមានជីវភាពឡើងមួយកម្រិតទៀត» នេះជាការបន្ថែមរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី។

បើតាមសម្តេចប្រមុខរាជរដ្ឋាភិបាល វិបត្តិសេដ្ឋកិច្ចបានធ្វើឱ្យប៉ះពាល់ជាសាកល ក្នុងនោះមានក្រុមហ៊ុនបរទេសជាច្រើនត្រូវបានបិទ ឬបិទសាខា។ ប៉ុន្តែមកដល់ពេលនេះ ក៏មានក្រុមហ៊ុនបុរីលំនៅដ្ឋានខ្លះក៏បានបន្តដំណើរការគម្រោងរបស់ខ្លួនឡើងវិញបណ្ដើរៗហើយ ហើយសម្ដេចធិបតីមានជំនឿថា ទៅថ្ងៃខាងមុខវិស័យចលនទ្រព្យនឹងមានកំណើនឡើងវិញ ខណៈឥឡូវនេះក៏នៅតែមានក្រុមហ៊ុនអន្តរជាតិពីខាងក្រៅរៀបចំគម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជាទៀតដែរ ហើយគម្រោងអភិវឌ្ឍន៍ទាំងនោះនឹងកាន់តែរឹងមាំ និងមានភាពធន់នឹងវិបត្តិសេដ្ឋកិច្ច ដូច្នេះសូមប្រជាពលរដ្ឋជឿទុកចិត្តលើដំណោះស្រាយរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះសម្តេចធិបតី ហ៊ុន ម៉ាណែតបានបង្ហាញជំនឿចិត្តថា វិស័យអចលនទ្រព្យរបស់កម្ពុជា នឹងល្អប្រសើរឡើងវិញនាពេលខាងមុខ ខណៈមានក្រុមហ៊ុនអន្តរជាតិពីខាងក្រៅរៀបចំគម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា ហើយគម្រោងអភិវឌ្ឍន៍ទាំងនោះនឹងកាន់តែរឹងមាំ និងមានភាពធន់នឹងវិបត្តិសេដ្ឋកិច្ច ដូច្នេះសូមប្រជាពលរដ្ឋជឿទុកចិត្តលើដំណោះស្រាយរបស់រាជរដ្ឋាភិបាល៕

Share.