តារាកំប្លែងចំនួន៤រូបបានទទួលអំណោយឧបត្ថម្ភជាអង្ករនិងកញ្ចប់ថវិកាពីសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមដើម្បីដោះទាល់ក្នុងវិបត្តិនៃការឆ្លងរាលដាលនៃជំងឺ Covid-19។
យោងតាមការផុសពីអ្នកនាង ចន ចាន់លក្ខិណានៅលើបណ្ដាញសង្គមនាថ្ងៃទី២១ខែមេសានេះបានឱ្យដឹងថាតារាកំប្លែងជើងចាស់ចំនួន៤រូបទទួលបានការឧបត្ថម្ភអង្ករនិងថវិកាពី ”មូលនិធិសិល្បករចាស់ជរា”ប្រចាំខែដោយតារាកំប្លែងទាំង៤រូបនេះមាន៖
១.តារាកំប្លែងជើងចាស់លោកពូ ក្តិប មានជំងឺស្លាប់មួយចំហៀងខ្លួន និងជីវភាពខ្វះខាត។

២.តារាកំប្លែងជើងចាស់អ្នកម៉ែ ណយ សំណាង មានជំងឺបេះដូង និងវង្វេង។

៣.តារាកំប្លែងជើងចាស់លោកពូ ចេក មានជំងឺប្រចាំកាយ និងជីវភាពខ្វះខាត។

៤.តារាសម្តែងអ្នកម៉ែ សោម កណ្ណិកា មានជំងឺពុកឆ្អឹង និងបេះដូង។

បន្ទាប់ពីបានផ្សព្វផ្សាយស្ដីពីការជួយឧបត្ថម្ភអង្ករនិងថវិកាជូនដល់តារាកំប្លែងជើងចាស់ទាំង៤រូបខាងលើក៏មានបងប្អូនអ្នកលេងបណ្ដាញសង្គមចូលទៅខមមិនអបអរសាទរនិងគាំទ្រហើយបញ្ចេញមតិយោបល់សឹងតែដូចគ្នាថាតារាកំប្លែងជើងចាស់ទាំង៤រូបនេះស័ក្ដិសមនឹងទទួលបានជំនួយឧបត្ថម្ភ។ ចំណែកអ្នកខ្លះទៀតក៏បានចូលរួមបួងសួងឱ្យតារាកំប្លែងទាំង៤រូបឆាប់មានសុខភាពល្អឡើងវិញព្រោះនឹកដល់ការសម្ដែងរបស់ពួកគាត់នៅលើឆាកសម្ដែងនិងចង់ឃើញគាត់ទាំង៤រូបអាចត្រលប់ទៅសម្ដែងវិញបានពេលបញ្ហាកូវីដ-១៩មានការធូរស្រាល៕