ភ្នំពេញក្រោន នឹងត្រូវប៉ះម្ចាស់ជើងឯកច្រើនជាងគេព្រះខ័នរាជស្វាយរៀង នៅថ្ងៃ​ទី២៨​ ខែមេសា ឆ្នាំ២០២៤​ ខាងមុខ ខណៈក្រុមវិសាខា ត្រូវប៉ះបឹងកេត ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ​៣ នៃពាន​រង្វាន់បាល់ទាត់ សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវកាល ឆ្នាំ២០២៣-២៤។

ក្រុម​បាល់ទាត់ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់​លោក Oleg Starynskyi បានកក់កៅអីទៅ​វគ្គផ្តាច់ព្រ័ត្រ ជា​លើក​ដំបូងនៃរយៈពេល ១៤ឆ្នាំ ក្រោន ខកខាន​ឡើង​ទៅ​ជុំផ្តាច់​ព្រ័ត្រ អស់រយៈពេល ១៤ឆ្នាំហើយ ខណៈពានរង្វាន់ជើងឯកថ្នាក់ជាតិមួយនេះ បានបង្តើតឡើងនៅឆ្នាំ២០០៧ ពោលគឺមានអាយុ​កាល១៧ឆ្នាំ​។

មុនខកខានឡើង​ទៅវគ្គផ្តាច់ព្រ័ត្រ ក្រុមបាល់​ទាត់ភ្នំពេញក្រោន បាន​គ្រងជើងឯកពានរង្វាន់សម្តេចតេជោ បានចំនួន២ រដូវកាល​រួចទៅហើយ ក្នុងនោះឈ្នះជើងឯកឆ្នាំ២០០៨ និងនៅឆ្នាំ២០០៩ ពោលគឺ២ឆ្នាំជាប់​ៗ​គ្នា​តែ​ម្តង។ មុន​ប៉ះគ្នាលើកនេះ គឺ​ជាលើកទី២ហើយ ដែល​ក្រុម​ទាំអ​ប៉ះ​គ្នា​នៅវគ្គផ្ដាច់​ព្រ័ត្រ Hun Sen Cup ដោយ​នៅ​ឆ្នាំ២០០៨ ភ្នំពេញក្រោន (កាលនោះ​ឈ្មោះថា ភ្នំពេញ Empire)​ បាន​យក​ឈ្នះ ស្វាយរៀង ១-០ វគ្គផ្ដាច់​ព្រ័ត្រ។

ងាក​មក​ក្រុម​ព្រះខ័នរាជស្វាយរៀង បាន​ឡើង​មក​កាន់​វគ្គផ្ដាច់​ព្រ័ត្រ ពាន​រង្វាន់បាល់ទាត់ សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវកាល ឆ្នាំ២០២៣-២៤ ឆ្នាំ២០២៤នេះ នាម​ជា​ក្រុម​ដែល​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ច្រើនជាងគេ និង​ជា​ម្ចាស់ជើង​ឯក ៤សម័យកាលទៀតផថ។

សម្រាប់​លើកនេះ ព្រះខ័នរាជស្វាយរៀង មាន​ឱកាស​បន្ត​ងារ​ជា​ក្រុម​ឈ្នះ​ពានរង្វាន់​នេះ​បាន​ច្រើន​ជាង​គេ ខណៈ​គិត​ត្រឹម​ពេល​នេះ​ធ្លាប់​ឈ្នះ​ជើង​ឯក​បាន​៤លើក​ហើយ គឺ​នៅ​ឆ្នាំ​​២០១១,២០១២,២០១៥,២០១៧។ ទាំង​​ព្រះខ័នរាជស្វាយរៀង និង​ភ្នំពេញក្រោន សុទ្ធ​តែ​ស្ថិត​ក្នុង​បញ្ជី​​ក្រុម​វ័យ​ចំណាស់​ជាង​គេ​នៅ​ពានរង្វាន់ បើបូកទាំង​ណាហ្គាវើល, ខ.ភ.ម និង ក្រសួងមហាផ្ទៃ។

​ខាងក្រោមនេះគឺជាម្ចាស់​ជើង​ឯក​ដែល​នៅធ្លាប់ឈ្នះ Hun Sen Cup៖

១) ព្រះខ័នរាជស្វាយរៀង ធ្លាប់​ឈ្នះ​៤សម័យកាល (២០១១,២០១២,២០១៥,២០១៧)
២) វិសាខា ធ្លាប់​ឈ្នះ​៣សម័យកាល (២០២០,២០២១,២០២២)
៣) ភ្នំពេញក្រោន ធ្លាប់​ឈ្នះ​២​សម័យកាល (២០០៨,២០០៩)
៤) ណាហ្គាវើល ធ្លាប់​ឈ្នះ​១សម័យកាល (២០១៣)
៥) បឹងកេត ធ្លាប់​ឈ្នះ​១​សម័យកាល (២០១៩) ចំណែក​​ក្រុម​ខេមរាកីឡា ដែល​ធ្លាប់​ឈ្នះ​ជើង​ឯក​កាល​ពី​រដូវកាល​ទី១ ក្នុង​ឆ្នាំ​២០០៧ កន្លង​ទៅ​បាន​រំសាយ​ក្លិប​បាត់​ទៅ​ហើយ៕

Share.