មុន​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ អាជ្ញាធរ​ក្រុង​កែប​បាន​ហៅ​អាជីវករ​លក់​ដូរ​នៅ​ម្ដុំ​ឆ្នេរ​កែប​២​នាក់​ទៅ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ព្រមាន​មិន​ឲ្យ​ប្រព្រឹត្ត​កំហុស​ឆ្គង​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ និង​សណ្ដាប់ធ្នាប់​សាធារណៈ​។

សូម​បញ្ជាក់​ថា លើក​នេះ មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​អាជ្ញាធរ​ក្រុងកែប ក៏​ដូច​ជា​ខេត្ត​កែប បាន​ហៅ​អ្នក​ដែល​ប្រព្រឹត្ត​កំហុស​ឆ្គង​បែប​នេះ​មក​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ជា​មួយ​អាជ្ញាធរ​ដើម្បី​ធានា​ថា មិន​ឲ្យ​មាន​កំហុស​ឆ្គង​ត​ទៅ​ទៀត ខណៈ​អាជ្ញាធរ​តែង​ចុះ​ទៅ​ណែនាំ​ប្រាមប្រាប់​ជា​រឿយៗ​។

តំបន់​ទេសចរណ៍​តាម​បណ្ដោយ​ឆ្នេរ​កែប កន្លង​មក​តែង​លេច​ឮ​នូវ​រឿង​អាស្រូវ​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ឈរ​បក់​ដៃ​ហៅ និង​ចាប់​ភ្ញៀវ​ឲ្យ​ចូល​កន្លែង​របស់​ខ្លួន ចាប់​ទី​តាំង​សាធារណៈ​តាម​បណ្ដោយ​ឆ្នេរ ដើម្បី​ក្រាល​កន្ទេល​ជួល​ឲ្យ​ភ្ញៀវ ឈ្លោះ​ប្រកែក​ឡូឡា កាប់​កោ​ភ្ញៀវ​ និង​កេង​បន្លំ​ភ្នែក​ជញ្ជីង​ជា​ដើម​។ បញ្ហា​នេះ​បង្ក​ជា​ការ​រំខាន​ដល់​ភ្ញៀវ​ទេសចរ​ខ្លះ​ដែរ ហើយ​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​លែង​ចង់​ទៅ​លេង​ខេត្ត​កែប ឬ​ទៅ​លេង​ដែរ​តែ​មិន​ទិញ​របស់​របរ និង​ម្ហូបអាហារ​នៅ​ទី​នោះ​។ វា​ក៏​ជា​បញ្ហា​ធ្វើ​ឲ្យ​អាជ្ញាធរ​ឈឺ​ក្បាល​ផង​ដែរ​ បើ​ទោះ​បី​ពួក​គាត់​បាន​ចេញ​សេចក្ដីណែនាំ​ផង ចុះ​ទៅ​ណែ​នាំ​ផ្ទាល់​ផង រហូត​ដល់​ចាត់​វិធានការ​ក្ដៅ​ផង ក៏​អាជីករ​មួយ​ចំនួន​តូច​ហាក់​ដូច​ជា​មិន​ព្រម​សហការ​សោះ​។

ជាក់​ស្ដែង​កាល​ពី​ថ្ងៃ​ទី ១១ ខែ​មេសា ឆ្នាំ២០២៤ មុន​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​មកដល់ អាជ្ញាធរ​ក្រុងកែប​បាន​អញ្ជើញ​អាជីវករ​រកស៊ី​តាម​ឆ្នេរ​កែប​មក​អប់រំ​ណែនាំ និង​ឲ្យ​ធ្វើ​កិច្ចសន្យា ដោយ​ព្រមាន​មិន​ឲ្យ​ប្រព្រឹត្ត​អំពើ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​។ ក្នុង​កិច្ច​សន្យា​អ្នក​ទាំង​ពីរ​បាន​សន្យា​ចំពោះ​មុខ​អាជ្ញាធរ​ថា​៖

១. មិន​យក​ទីតាំង​សាធារណៈ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ដើម្បី​ក្រាល​កន្ទេល ដាក់​តុ កៅអី ចង​តង់ ដាក់​ឆត្រ​។​ល​។

២. មិន​រំខាន​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ

៣. គោរព​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ដោយ​មិន​ឈរ​បក់​ដៃ​ហៅ​ភ្ញៀវ មិន​ដណ្ដើម​ភ្ញៀវ មិន​លក់​ម្ហូប​អាហារ​ថ្លៃ​ហួសហេតុ មិន​លក់​របស់​គ្មាន​គុណភាព និង​គ្មាន​អនាម័យ​ឲ្យ​ទៅ​ភ្ញៀវ មិន​ជេរ​ប្រមាថ​ភ្ញៀវ មិន​ទារ​យក​ប្រាក់​ភ្ញៀវ​ដោយ​មិន​សម​ហេតុផល មិន​ឈ្លោះ​ប្រកែក​ជេរ​ប្រមាថ​គ្នា​រវាង​អាជីវករ និង​អាជីវករ​ដូចគ្នា នាំ​ឲ្យ​រំខាន​ដល់​ភ្ញៀវ និង​គ្មាន​សីលធម៌ និង​ត្រូវ​មាន​សុជីវធម៌​ទៅ​កាន់​ភ្ញៀវ​។

៤. សូម​សន្យា​ចូល​រួម​ថែទាំ​អនាម័យ និង​សោភណភាព និង​សម្អាត​ទី​សាធារណៈ ឲ្យ​បាន​ជាប់​លាប់​ជា​ប្រចាំ​នៅ​ពេល​លក់​ដូរ និង​ក្រោយ​ពេល​លក់​ដូរ​។

ត្រយង​នៅ​មិន​ទាន់​ទាក់ទង​ទៅ​រដ្ឋបាល​ក្រុង​កែប​បាន​ទេ ដោយសារ​លោក ឃន វុទ្ធី ថា​រូប​លោក​ជា​អភិបាល​ក្រុង​ស្ដីទី ដូច្នេះ​លោក​មិន​ទាន់​ចង់​បរិយាយ​ទេ​។

បើ​តាម​អ្នក​សារព័ត៌មាន​ប្រចាំ​ខេត្ត​កែប​បាន​ឲ្យ​ដឹង​ថា លោក ឃន វុទ្ធី អភិបាល​ក្រុង​កែប​ស្ដីទី បាន​បញ្ជាក់​ថា លោក​នឹង​ហៅ​អាជីវករ​ដែល​ទារ​លុយ​ពី​ភ្ញៀវ​ទេសចរ​នៅ​ឆ្នេរ​កែប ទៅ​អប់រំ​បន្ថែម​ទៀត​។ ការ​អប់រំ​ណែនាំ​នេះ រដ្ឋបាល​ក្រុង​កែប បាន​ធ្វើ​ជា​ច្រើន​ដង​រួច​ហើយ ហើយ​កាល​ពី​សប្ដាហ៍​មុន​នេះ លោក​ក៏​បាន​ចុះ​ណែនាំ​អាជីវករ​ដែល​រកស៊ី​នៅ​តាម​បណ្ដោយ​ឆ្នេរ​កែប​នោះ​រួច​ហើយ​ដែរ មុន​រដូវ​ចូល​ឆ្នាំ​ថ្មី​មក​ដល់ យ៉ាង​ណា​នៅ​តែ​មាន​អ្នក​ឆ្លៀត​ឱកាស​បង្ក​ភាព​មិន​សប្បាយរីករាយ​ដល់​ភ្ញៀវ​ទេសចរ​។

លោក​សង្កត់​ធ្ងន់​ថា អាជ្ញាធរ​ហាម​ដាច់ខាត​មិន​អោយ​មាន​ការ​ក្រាល​កន្ទេល​យក​លុយ ឬ​ទារ​ពី​ភ្ញៀវ​ទេសចរ​នោះ​ទេ ដោយ​ឡែក​សម្រាប់​ទីតាំង​លើ​ការ៉ូឡា តាម​បណ្ដោយ​មាត់​ឆ្នេរ​ស្រី​-​ស ដែល​ភ្ញៀវ​ទេសចរ​មក​ដាក់​តុ​អង្គុយ​នោះ ក៏​មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ ឬ​អាជីវករ ក្រាល​កន្ទេល ឬ​ដាក់​តុ​អង្គុយ​នោះ​ដែរ ដោយ​ទុក​សម្រាប់​តែ​ផ្លូវ​ថ្មើរ​ជើង​ប៉ុណ្ណោះ​។

អត្ថបទ៖ ឈិន ធារ៉ាត់

Share.