ភ្នំពេញ ៖ ស្របពេលដែលអាកាសធាតុកំពុងក្តៅស្ងួតហួតហែង បងប្អូនមួយចំនួនតូចមិនបានប្រុងប្រយ័ត្ន ដុតសំរាមទុកចោល ធ្វើឱ្យភ្លើងឆេះរាល ដល់ព្រៃ ស្មៅ កាន់តែខ្លាំង ពន្លត់លែងឈ្នះ កើតក្តីព្រួយបារម្ភពីសុវត្តិភាព ខ្លាចរាលដល់លំនៅដ្ឋាន ផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចេញទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ ការពារ កាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ នៅដីវាលមួយកន្លែងក្នុងភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋ បានឱ្យដឹងថា មានជនមិនស្គាល់មុខដុតសំរាមទុកចោល មិនបានប្រុងប្រយ័ត្ន ស្របពេលដែលអាកាសធាតុពេលនេះ កំពុងក្តៅស្ងួត ធ្វើឱ្យភ្លើងឆេះកាន់រាលដាលខ្លាំង ម្យ៉ាងបងប្អូនប្រជាពលរដ្ឋមួយចំនួន បានចាកចេញទៅស្រុកកំណើតផង ជាក្តីព្រួយបារម្ភ ខណៈដែលភ្លើងកាន់តែឆេះចូលកៀកនឹងលំនៅដ្ឋានពលរដ្ឋ ពន្លត់លែងឈ្នះ រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច សុំការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ ។

ក្រោយទទួលបានព័ត៌មានភ្លាម រថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៧១១ កងពលតូចលេខ៧០ រថយន្តពន្លត់អគ្គិភ័យរបស់អង្គភាពប្រឆាំងភេវកម្ម ចេញទៅពន្លត់ភ្លើង ទប់ស្កាត់ បង្កា ការពារ ភ្លើងឆេះរាលដាល ប៉ះពាល់ដល់ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.