យោង​តាម​ការ​បញ្ជាក់​របស់​សហព័ន្ធកីឡាបាល់ទាត់របស់​ប្រទេសម៉ុងហ្គោលី បាន​បង្ហោះ​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ សម្រាប់​ជំនួប​មិត្ត​ភាព​អន្តរជាតិ រវាង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ម៉ុងហ្គោលី និង​ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹង​ត្រូវ​ធ្វើ​ឡើង​ចំនួន ២ជើង ក្នុង​ខែតែមួយ ខណៈ សហព័ន្ធ​កីឡាបាល់ទាត់កម្ពុជា ប្រកាសតែការជួបគ្នានៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ប៉ុណ្ណោះ។

ដោយ​ការ​ប្រកួត​នៅ​ជើង​ទី១ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ម៉ុងហ្គោលី ​នឹង​ធ្វើដំណើរ​មក​កាន់​ទឹក​ដី​កម្ពុជា ដើម្បី​​សាក​ជើង​ជាមួយ​ក្រុម​គោ​ព្រៃ​កម្ពុជា នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៤​ខាង​មុខ​នេះ ក្នុង​ជំនួប​មិត្តភាពអន្តរជាតិ។

ខណ:ការប្រកួត​នៅ​ជើង​ទី២ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ដី​ម៉ុងហ្គោលី ក្នុង​ជំនួប​មិត្តភាពអន្តរជាតិ ដូច​គ្នា ដែល​ត្រូវ​ធ្វើ​ឡើង ៤ថ្ងៃបន្ទាប់ គឺ​នៅ​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ជំនួប​មិត្តភាពអន្តរជាតិដូចគ្នា។​

រំដែរថា សម្រាប់​កម្ពុជា ​គឺជា​ការប្រកួតក្នុងដីលើកដំបូងក្នុងឆ្នាំ២០២៤ ដែល​សហព័ន្ធ​កីឡា​បាល់​ទាត់កម្ពុជា នឹង​រៀប​ចំ​ការ​ប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា ប្រកួត​ជាមួយ​ក្រុមជម្រើសជាតិម៉ុងហ្គោលី នៅថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ នាវេលាម៉ោង ១៨:៣០នាទី នៅពហុកីឡដ្ឋានជាតិ។

គួរបញ្ជាក់ថា ជំនួប​មិត្តភាព​នេះ ក៏​ជា​ការ​បើក​អោយ​អ្នក​ទាំង​ចូល​អង្គុយ​ទស្សនា​ជា​លើក​ដំបូង​ក្រោយ​ពេល​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបំពាក់កៅអីមានបង្អែកថ្មី ដែល​ស្រប​តាម​ស្តង់​ដា​គោល​ការ​ណ៍ FIFA និង AFC នៅពហុកីឡដ្ឋានជាតិ រួចរាល់ជាស្ថាពរ ហើយទីតាំងនេះ អាចផ្ទុកទស្សនិកជន ចូល​រួមទស្សនាសរុបចំនួន ៣០,០០០នាក់៕

Share.