ភ្នំពេញ ៖ ក្នុងឱកាសឈប់សម្រាករយៈពេល ៤ថ្ងៃ បងប្អូនប្រជាពលរដ្ឋខ្មែរបានត្រឡប់ទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ និងមួយចំនួនទៀតបានទៅលេងកម្សាន្ដតាមរមណីយដ្ឋាននានានៅតាមបណ្ដាខេត្ត ហើយបានត្រឡប់ចូលរាជធានីភ្នំពេញវិញតាំងពីព្រឹក រហូតដល់ដល់រសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ។

ដោយមានការដឹកនាំពីប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅតាមក្រសួង មន្ទីរនានា បានបំផុសឱ្យបងប្អូនប្រជាពលរដ្ឋស្រឡាញ់នូវវប្បធម៌ ប្រពៃណីជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ដោយបង្កើតឱ្យមានការរៀបចំមហាសង្ក្រាន្ត ទៅតាមរាជធានី ខេត្ត ក្រុង ភូមិ ស្រុក របស់បងប្អូនឱ្យសប្បាយរីករាយ ជាមួយល្បែង របាំ ប្រជាប្រិយ ដែលមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើ​នកុះករ ទៅតាមបណ្តារាជធានី ខេត្តនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រោយពីបញ្ចប់នូវសង្ក្រាន្តឆ្នាំថ្មី មកដល់រសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ ឃើញថាបងប្អូនប្រជាពលរដ្ឋ លោកអញ្ជើញវិលត្រឡប់ពីភូមិស្រុកកំណើត ចូលមករាជធានីភ្នំពេញ គ្រប់ដងផ្លូវទាំងអស់ ខណៈចរាចរណ៍នៅរាជធានីភ្នំពេញ ហាក់មានភាពមមាញឹក ដើម្បីត្រៀមបន្តការងារ បើកដំណើរការអាជីវកម្មរបស់បងប្អូនរៀងៗខ្លួន៕

អត្ថបទ៖ តាតុងសែនជ័យ

Share.