Bayern Munich បញ្ចប់ក្ដីស្រមៃ Arsenal ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃ​ពាន​រង្វាន់​លំ​ដាប់​ទី១ ប្រ​ចាំ​ទ្វីបអឺរ៉ុប UEFA Champions League រដូវកាល​ ២០២៣-២៤ ក្រោយបញ្ចប់​ការ​ប្រកួតសរុប​ទាំង២ ជើង ក្នុងលទ្ធផល ៣ទល់និង២ កាល​ពី​យប់​ម៉ោង ២យប់រំលងអធ្រាតឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ (ម៉ោង​នៅ​កម្ពុជា)។

រំលឹក​ថា អស់រយៈពេល១៥ឆ្នាំហើយ ក្រុមកាំភ្លើងធំ ក្រុមតំណាង​ឲ្យអង់​គ្លេស​ក្នុង​ពានរង្វាន់​លំដាប់ទី១ នៅអឺរ៉ុប នៅ​តែ​មិ​​នអាច​ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League បាន​។

ខណ:ដែល​ ១៥​ឆ្នាំមុន គឺ​កាល​ពី​​២០០៩ ជាឆ្នាំចុងក្រោយដែលក្រុម Arsenal ​ឡើង​ដល់​វគ្គពាក់​កណ្ដា​លផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់នេះ នៅ​វគ្គ៨ក្រុមចុងក្រោយ Arsenalបាន​យកឈ្នះក្រុម Villarreal ក្នុង​លទ្ធផល ៤-១ សរុបទាំង២ជើង ប៉ុន្តែ​នៅ​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Arsenal​ បាន​បរាជ័យ​ក្រោម​ថ្វីជើង​ក្រុម​រួម​លីគ​ Manchester United ក្នុងលទ្ធផល ៤-១ សរុបទាំង២ជើង។

ខាង​ក្រោម​នេះ​គឺ​ជា​លទ្ធផល​ប្រកួតវគ្គ ៨ក្រុមចុងក្រោយ សរុប​ទាំង ២ជើង៖

  • Atlético Madrid ៤-៥ Borussia Dortmund (សរុបទាំង២ជើង)
  • Paris Saint-Germain ៦-៤ Barcelona (សរុបទាំង២ជើង)
  • Arsenal ២-៣​ Bayern Munich (សរុបទាំង២ជើង)
  • Manchester City ៤-៤ Real Madrid (សរុបទាំង២ជើង Real ឈ្នះបាល់ប៉េណាំងទី៤-៣)

ដូច​នេះ ក្រុម Real Madrid នឹង​ត្រូវ​ឡើង​ទៅ​ជូប Bayern Munich នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើង​ទី១ នៅ​ថ្ងៃទី១ ខែឧសភា ជើងទី២ ថ្ងៃទី៩ ឧសភាព ខាងមុខ ខណ: Borussia Dortmund ត្រូវ​ប៉ះ Paris Saint-Germain ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី២ ខែឧសភា ជើងទី២ ថ្ងៃទី៨ ខែឧសភា។

គួរដឹងថា ពានរង្វាន់ UEFA Champion League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោល​គឺមាន អាយុ កាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៤ដង ខណ: AC Milan ធ្លាប់ ឈ្នះបាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក៕

Share.