ថ្មីៗ​នេះ​ អ្នក​លេង​បណ្ដាញ​សង្គម​បាន​ដឹងហើយ​ថា​ អ្នក​នាង គង់ ច័ន្ទស្រីមុំ​ កំពុង​រង​នូវ​មតិរិះគន់ជា​ច្រើន​រហូត​មាន​បង្កើត​យុទ្ធនាការ​ស្នើសុំ​ឱ្យ​ដក​អ្នក​នាង ចេញ​ពី​កម្មវិធី​ 3Fun ដែល​អ្នក​នាង​ជា​ពិធីការិនី​រួមជាមួយ​នឹង​លោក អៀ វិច្ឆ័យ​ និង​អ្នក​នាង​ ផេន​ខេក​។ ​ជាមួយ​នឹង​ចលនា​ដ៏​ផុសផុល​ចង់​ឃើញ​តារា​សម្ដែង ពិធីការិនី និង​អ្នក​ជំនួញ​អន​ឡាញ​រូប​នេះ​ ចេញមក​ទទួល​ស្គាល់​កំហុស​ និងសុំ​ទោស​ចំពោះ​ទង្វើ​របស់​ខ្លួន​នោះ​ កាន់​តែ​មាន​ច្រើន​ឡើង​ៗ​ ប៉ុន្តែ​អ្នក​នាង​ ហាក់​នៅ​បន្ត​រក្សា​ភាព​ស្ងប់ស្ងាត់ មិន​មាន​ប្រតិកម្ម​តបត ឬ​បង្ហោះ​ជា​សារ​​អ្វីទាំង​អស់​ ប៉ុន្តែ​នៅ​មាន​បង្ហោះ​ជា​ Story មួយ​ៗ​ដែល​កាន់​តែ​ធ្វើ​ឱ្យ​អ្នក​មិន​ពេញ​ចិត្ត​ ក្ដៅក្រហាយ​ចំពោះ​ទង្វើរបស់​អ្នក​នាង​។

យ៉ាងណាមិញ​​យុទ្ធនាការ​​ Hashtage#CancelKongChansreymomFrom3FunCambodia ហាក់​នៅ​តែ​ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​ ប្រើប្រាស់យ៉ាង​គគ្រឹកគគ្រេង​ដើម្បី​ភ្ជាប់​ជាមួយ​នឹង​ករណី​របស់​បុគ្គល​ល្បីល្បាញ​រូប​នេះ​។

ត្បិត​ថា​មាន​សំណូម​ពរ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ពីសាធារណជន និង​អ្នក​ដែល​មិន​ពេញ​ចិត្ត​ចំពោះ​អ្នក​នាង​ គង់ ច័ន្ទស្រីមុំ ដោយ​សារ​តែ​​ហេតុការណ៍​ទៅលេង​ប្រទេស​ថៃ និង​បង្ហោះ​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​នោះ​ ទំព័រ​ហ្វេសប៊ុក​ 3FUN Channel Cambodia បាន​ចេញ​មក​ឆ្លើយតប​យ៉ាង​ខ្លី​ ដែល​​សារ​នោះ​ ហាក់​ដូច​ជា​មិន​បង្ហាញ​ចំណុច​ណា​មួយ​នឹង​ដក​អ្នក​នាង គង់ ច័ន្ទស្រីមុំ​ ចេញ​ពី​កម្មវិធី​នោះ​ឡើយ​។ «ជូន​ចំពោះ​បងប្អូន​ទាំង​អស់​គ្នា​ សូមបងប្អូន​ស្ងប់​អារម្មណ៍​បន្តិច​ណា។ សុំ​ទុក​ពេល​បន្តិច​ យើង​នឹង​ធ្វើ​ការ​ឆ្លើយ​តប​បងប្អូន​ឆាប់ៗ​នវ​! ក្នុង​ស្ថានភាព​នេះ​ សូមបងប្អូន​យោគយល់​ណា​..»

យ៉ាង​ណាមិញ​បើ​មើល​តាម​មតិ​ជា​ច្រើន​នៅ​ខាង​ក្រោម​សារ​របស់​កម្មវិធី​ Talk Show ដ៏ល្បីល្បាញ​ខាង​លើ មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចូល​មក​បញ្ចេញ​យោបល់​ ចង់​ឃើញ​ពិធីការិនី​ពូកែ​វោហារ​នាំ​សំណើច​ ត្រលប់​មក​ធ្វើ​ជា​ពិធីការិនី​ក្នុង​កម្មវិធីវិញ​ ព្រោះ​តាំង​ពី​ដំបូង​មក​អ្នក​នាង​គឺជា​ ពិធីការិនី​នៃ​កម្មវិធី​មួយ​នេះ​។

សូម​ជម្រាប​ជូន​ថា​ ទន្ទឹម​នឹង​មាន​យុទ្ធនាការ​ទាមទារ​ឱ្យ​ដក​អ្នក​នាង​ គង់ ច័ន្ទស្រីមុំ​នេះ​​​ ក៏​មាន​អ្នក​មួយ​ចំនួន​បាន​លើក​យក​ពី​ចំណុច​ល្អៗ​របស់​អ្នក​នាង​ មកចែក​រំលែក​ និង​ស្នើ​សុំ​ឱ្យ​ផ្ដល់​ឱកាស​ដល់អ្នកនាង​ ព្រោះ​មនុស្ស​យើង​មិន​អាច​ចៀសផុត​ពី​កំហុស​ឆ្គង​ដោយប្រការ​ណាមួយ​មិន​បាន​តាំង​ចិត្ត​នោះ​ឡើយ​៕

Share.