ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ញើថ្លែងអំណរគុណក្រោយសង្ក្រាន្តព្រៃវែងបានបញ្ចប់ដោយជោគជ័យ។ សង្ក្រាន្តព្រៃវែងរៀបចំរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ២០២៤។

សូមចុចអាន៖ ជាង២លានដើរកម្សាន្តក្នុងខេត្តព្រៃវែង អំឡុងចូលឆ្នាំខ្មែរ៥ថ្ងៃ

នៅក្នុងសារថ្លែងអំណរគុណ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានសរសេរថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ខ្ញុំពិតជាមានមោទនភាព និងអំណរសាទរយ៉ាងក្រៃលែងបំផុត ចំពោះការរៀបចំប្រកបដោយជោគជ័យ ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤ ដែលមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី និងភ្ញៀវទេសចរអន្តរជាតិ រាប់ម៉ឺននាក់ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នេះ។

បរិយាកាសសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយយ៉ាងល្អប្រពៃនៃព្រឹត្តិការណ៍នេះ គឺជាសមិទ្ធផលរួមថ្មីមួយទៀតរបស់រដ្ឋបាលខេត្ត និងប្រជាជនក្នុងខេត្តព្រៃវែងទាំងមូល ដែលកើតចេញពីមនុញ្ញផលនៃមរតកសុខសន្តិភាព និងការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងទស្សនវិស័យជឿនលឿន របស់ រាជរដ្ឋាភិបាលកម្ពុជា នីតិលកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នៅពីក្រោយស្នាមញញឹម និងក្ដីរីករាយយ៉ាងកងរំពងរបស់បងប្អូនប្រជាពលរដ្ឋ ប្រាកដណាស់គឺភាពស្វាហាប់នៃការបំពេញតួនាទី និងភារកិច្ចប្រកបដោយការលះបង់ខ្ពស់របស់ក្រុមការងារគ្រប់ផ្នែក ទាំងអនុគណៈកម្មការនីមួយៗ កងកម្លាំងចម្រុះ ក្រុមគ្រូពេទ្យ យុវជនស្ម័គ្រចិត្ត និងក្រុមអនាម័យ…។ តាមពិត អ្នកទាំងអស់គ្នាត្រូវជួបជុំក្រុមគ្រួសារដូចជនរួមជាតិទូទៅដែរ ប៉ុន្តែផ្ទុយទៅវិញបានលះបង់ឱកាសនេះដើម្បីជោគជ័យនៃព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងរបស់យើង។

ខ្ញុំក៏សូមថ្លែងអំណរគុណនិងកោតសរសើរចំពោះអាជ្ញាធរនៃបណ្ដាស្រុក និងឃុំនានា រួមទាំងមន្ត្រីនគរបាលជាតិនៃអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដែលបានដឹកនាំ និងចូលរួមយ៉ាងសកម្ម ក្នុងការរៀបចំកម្មវិធីកម្សាន្តសប្បាយនានានៅតាមភូមិស្រុក និងទីអារាមទូទាំងខេត្តព្រៃវែង ប្រកបដោយបរិយាកាសសន្តិសុខ និងសុវត្ថិភាពយ៉ាងល្អប្រសើរ សម្រាប់បងប្អូនដែលមិនបានមកចូលរួមក្នុងព្រឹត្តិការណ៍ធំនៅទីរួមខេត្ត។

ឆ្លៀតក្នុងឱកាសនេះដែរ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ខ្ញុំក៏សូមផ្ញើនូវសេចក្ដីថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ រួមទាំងកងកម្លាំងនគរបាលជាតិ កម្លាំងប្រជាការពារ និងកងកម្លាំងចម្រុះ ដែលបានដឹកនាំ សហការ និងគាំទ្រយ៉ាងសកម្ម ចំពោះការរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី យ៉ាងអធិកអធម និងប្រកបដោយជោគជ័យជូនបងប្អូនប្រជាពលរដ្ឋលេងកម្សាន្តសប្បាយនៅទូទាំងប្រទេស។

ខ្ញុំសូមបួងសួងដល់ទេវត្តាឆ្នាំថ្មី ព្រះនាមមហោទរាទេវី តាមអភិបាលរក្សាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មការ និងអនុគណៈកម្មការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ក៏ដូចជាជនរួមជាតិទូទាំងប្រទេស បានប្រកបដោយព្រះពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមទទួលបានជោគជ័យគ្រប់ភារកិច្ច៕

Share.