សិល្បៈជាតិ៖ អ្នកផលិតមាតិកាជនជាតិថៃឈ្មោះ Backpaeger ដែលបានធ្វើការវិភាគវែកញែកនិងរិះគន់សង្ក្រាន្តនៅប្រទេសកម្ពុជាថា គ្មានមនុស្សលេងទឹកនោះ មិនត្រឹមតែធ្វើឱ្យអ្នកលេងបណ្ដាញសង្គមកម្ពុជាមួយចំនួនមានការមិនពេញចិត្តនោះទេ សូម្បីតែជនជាតិថៃដែលកំពុងរស់ និងរកស៊ីនៅប្រទេសកម្ពុជាមួយចំនួនខ្លះទៀតក៏សម្ដែងអារម្មណ៍មិនពេញចិត្តដូចគ្នា។

ប្រធានបទមួយនេះមានការចែកចាយព្រោងព្រាតនៅលើបណ្ដាញសង្គមក្នុងប្រទេសកម្ពុជា ហើយនៅប្រទេសថៃក៏មានការភ្ញាក់ផ្អើលមិនចាញ់គ្នានោះដែរ។ ដោយឡែកនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៤ កន្លងនេះ អ្នកផលិតមាតិកាថៃរូបនេះបានចូលខ្លួនបកស្រាយជាមួយអ្នកសារព័ត៌មានថៃ និងបានអះអាងថា ខ្លួនមិនបានមើលងាយ ឬ ជាន់ពន្លិចទេ តែមកពីខ្លួននិយាយពិតពេកត្រង់ពេក ទើបអ្នកលេងបណ្ដាញសង្គមនៅកម្ពុជាទទួលយកមិនបាន។

នៅក្នុងវីដេអូព័ត៌មានថៃនោះ អ្នកផលិតមាតិកាជនជាតិថៃរូបនេះ បាននិយាយបកស្រាយជាមួយអ្នកសារព័ត៌មានថៃយ៉ាងដូច្នោះ ៖

« ប៉ុន្តែទៅដល់នៅថ្ងៃទី ១៣ ប្រម៉ាណជាម៉ោង ១០ -១១ ព្រឹក ខ្ញុំក៏បានចេញដើរទៅក្រៅ ព្រោះគិតថាគេលេងទឹក តែប្រទះឃើញមិនមានមនុស្សលេងនៅលើដងផ្លូវឡើយ។ ណាមួយ ខ្ញុំមានមិត្តភ័ក្ដបរទេសទៅជាមួយម្នាក់ដែរ ហើយគេក៏ស្លុតចិត្តដូចគ្នាដែរ ព្រោះមិនឃើញមានមនុស្សសោះឡើយ ធ្វើឱ្យខកចិត្តខ្លាំងមែន។ ប៉ុន្តែត្រង់កន្លែងដែលខ្ញុំបានថតឃ្លីបវីដេអូនិយាយថា មនុស្សទៅណា មិនមានមនុស្សឡើយ ហើយក៏ត្រៀមកម្មវិធីគេមិនទាន់ស្រេចបាច់ វេទិកាក៏នៅមិនទាន់សង់រួចរាល់នោះ។ ដូច្នោះហើយគឺខ្ញុំបាននិយាយតាមអ្វីជាការពិត គ្មានពាក្យដែលមើលងាយ ជាន់ឈ្លីជាន់ពន្លិចអ្វីឡើយ។ រហូតដល់ឃ្លីបបានផ្សាយចេញ ក៏បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមកម្ពុជាមិនពេញចិត្ត។ អាចមកពីយើងនិយាយការពិតជ្រុលពេក ហើយគេបាននិយាយថា ការពិតទៅពេលព្រឹកគេនាំគ្នាទៅបណ្ដាវត្ត ដូច្នោះហើយយើងជាភ្ញៀវទេចរ យើងក៏មិនបានជ្រាបដឹងពីទិន្នន័យចំណុចនេះស៊ីជម្រៅដែរ។ ប៉ុន្តែមែនទែនទៅខ្ញុំគិតថា ពួកគេប្រហែលជាខ្វះខាតក្រុមអ្នកពិធីការសម្របសម្រួលច្រើនជាង»។

យ៉ាងណាមិញ អ្នកផលិតមាតិកាជនជាតិថៃរូបនេះ បាននិយាយបន្ថែមដែរថា ការពិតទៅប្រទេសកម្ពុជាគឺជាប្រទេសដែលខ្លួនបានមកដំបូងគេបង្អស់នៅចាប់ផ្ដើមចេញផលិតមាតិកាដំបូង ដែលពេលនោះខ្លួនបានមកទីក្រុងភ្នំពេញ និងបានសាកភ្លក្សរសជាតិនំបញ្ចុកខ្មែរនៅលក់នៅលើដងផ្លូវម្ដុំមាត់ទន្លេមុខព្រះបរម្យរាជវាំង។ ហើយវីដេអូនេះទទួលបានការពេញចិត្តនិងសរសើរពីអ្នកលេងបណ្ដាញសង្គមកម្ពុជា រហូតមានអត្រាអ្នកទស្សនានៅលើយូធូរាប់លាននាក់។ ប៉ុន្តែនៅពេលមកកម្ពុជាលើកនេះ ខ្លួនបែរជារងការរិះគន់យ៉ាងដំណំរហូតមានការបង្ហោះគំរាមកំហែង ទើបធ្វើឱ្យរូបខ្លួនគិតថា មិនហ៊ានមកប្រទេសកម្ពុជាទៀតទេ។ យ៉ាងណាមិញ អ្នកផលិតមាតិកាថៃរូបនេះបាននិយាយបញ្ជាក់ទៀតថា ខ្លួនចូលចិត្តប្រទេសកម្ពុជាណាស់ នឹងត្រឡប់មកកម្ពុជាម្ដងទៀត ប៉ុន្តែមិនមែនឆាប់ៗនេះទេ ពោលគឺប្រើពេលវេលារៀងយូរបន្តិច។

បើទោះបីជាមានការបកស្រាយដូចខាងលើដែលបានរៀបរាប់បញ្ជាក់ក្ដី ក៏ប៉ុន្តែអ្នកលេងបណ្ដាញសង្គមភាគច្រើនយល់ឃើញថា បញ្ហានេះគឺជាការធ្វើ MMO របស់ជនជាតិថៃ ដើម្បីប្រមូលចំនួនមនុស្សទៅទស្សនាវីដេអូនៅក្នុងយូធូបរបស់ខ្លួន។ សាមីម្ចាស់ផេក Backpaeger ក៏បានបញ្ជាក់ដែរថា ខ្លួនបានមានគោលបំណងធ្វើវីដេអូបៀបធៀបគ្នារវាងសង្ក្រាន្តកម្ពុជា និងថៃ ហើយបានប្រាប់អ្នកទស្សនាវីដេអូរបស់ខ្លួនចូលទៅទស្សនាវីដេអូពេញនៅក្នុងឆាណែលយូធូបផងដែរ។ កត្តានេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមកម្ពុជាចាត់ទុកថា មិនមានផលចំណេញដល់ប្រទេសជាតិសោះឡើយ ផ្ទុយទៅវិញកម្ពុជាបានប្រឈមនឹងខាតបង់ភ្ញៀវទេសចរ ដោយសារតែមាតិកាបែបញុះញុងដូចមាតិកាជនជាតិថៃមួយនេះផលិតឡើងទៅវិញទេ៕

Share.