ភ្នំពេញ ៖ រថយន្តកូរ៉េ ប្រភេទយុីឌុបដឹកអុសមួយគ្រឿង បើកលឿនគេចពីម៉ូតូជ្រុលឡើងសួនទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងខ្ទាតអុសទៅប៉ះម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀត រងខូចខាត រងរបួសស្រាល។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវកប់ស្រូវ ក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ប្រភេទយុីឌុប ពណ៌ស ពាក់ស្លាកលេខកំពង់ធំ 3A-1592 ដឹកអុសពេញទ្រុង បើកពីកើតទៅលិច ដល់ចំណុចកើតហេតុ គេចពីម៉ូតូខាងមុខ ជ្រុលឡើងសួនទ្រូងផ្លូវ ហើយក្រឡាប់ផីងផ្ងារជើង ចាក់អុសចោលពេញផ្លូវ ខ្ទាតទៅត្រូវប៉ះម៉ូតូហុងដាឌ្រីម សេរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KA-3203 កំពុងជិះស្របទិស បណ្តាលឱ្យដួលរងខូចខាត អ្នកបើករបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ បញ្ជៀសសម្រួលចរាចរណ៍ ហើយប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ស្ទូចយករថយន្តចេញ ដើម្បីធ្វើការដោះស្រាយផលប៉ះពាល់ជាក្រោយ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.