«ខ្ញុំរឹតស្រលាញ់គេវិញរឹតតែស្អប់ គេមិនចង់ស្ដាប់ឮពាក្យទាំងនេះឡើយ ឮថាខ្ញុំនឹកគេខ្លាំងគេឆ្អើមខ្ញុំទៅហើយ ឱ្យបេះដូងអើយអ្នកស្ដាប់ច្បាស់ដែរទេ?» នេះគឺជាអត្ថន័យខ្លះដកស្រង់ចេញពីបទចម្រៀង ជាស្នាដៃនិពន្ធដំបូងរបស់ លោក ខេមរៈ សិរីមន្ត ដែលបទចម្រៀងនេះធ្វើឱ្យលោកស្រក់ទឹកភ្នែកពេលកំពុងតែថតសំឡេងផងដែរ។

តារាចម្រៀងរូបនេះជាទូទៅច្រើនច្រៀងបទចម្រៀងដែលនិពន្ធឡើងដោយបងប្រុសរបស់លោកគឺលោក ខែម ភារុណ ប៉ុន្តែនៅពេលប្ដូរទ្រនំចូលមកជ្រកក្រោមដំបូលផលិតកម្មហង្សមាសលោកខេមរៈសិរីមន្តក៏មានច្រៀងបទចម្រៀងរបស់អ្នកនិពន្ធវ័យក្មេងជាច្រើនរូបក្នុងផលិតកម្មនេះផងដែរ។

យ៉ាងណាមិញស្នាដៃបទដំបូងដែលលោកបាននិពន្ធទាំងទំនុកច្រៀងនិងMelody ឡើងមកនោះនៅពេលចូលថតសំឡេងលោកច្រៀងបណ្ដើរស្រក់ទឹកភ្នែកបណ្ដើរ។ នេះបើតាមអះអាងរបស់លោកលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃពុធទី២១ខែមេសាឆ្នាំ២០២១ម្សិលមិញនេះ។ «នេះជាការនិពន្ធទំនុកច្រៀងនិងMelody លើកដំបូងរបស់ខ្ញុំ ពេលថតសំឡេងខ្ញុំច្រៀងបណ្ដើរហូរទឹកភ្នែកបណ្ដើរ តែមិនដឹងថាបងប្អូនស្ដាប់ទៅពីរោះឬអត់ទេ? អ្នកស្រលាញ់គេតែម្ខាងទើបយល់អារម្មណ៍មួយនេះ»។

ក្រោយអ្នកគាំទ្របានឃើញសំណេររៀបរាប់សាស័ព្ទរឿងក្នុងចិត្តរបស់ Idol ខ្លួនហើយនោះមានមតិភាគច្រើនចូលមកកោតសរសើរពីទឹកដៃនិពន្ធរបស់លោក អ្នកខ្លះប្រាប់ថាស្រលាញ់បទចម្រៀងថ្មីនេះខ្លាំង ខណៈមានមតិពោលឡើងលេងសើចថា ច្រៀងបណ្ដើរយំបណ្ដើរសង្ស័យតែមានរឿងបងខ្លះហើយ ឬប្រយ័ត្នប្រពន្ធវ៉ៃជាដើម។
សូមរំលឹកឡើងវិញថាលោកខេមរៈសិរីមន្តគឺជាតារាចម្រៀងល្បីដែលមានបទចម្រៀងល្បីៗស្ថិតក្នុងការចងចាំអ្នកគាំទ្រជាច្រើនបទដូចជា«អន្ទងស្នេហ៍» «បេះដូងអ្នកប្រដាល់» «ព្រួយជាមួយច័ន្ទ» «លើសពីហ្វេនបានអត់?»និងបទចម្រៀងក្នុងផលិតកម្មហង្សមាស «ស្ទឹងត្រែងបងអើយ» និង«ធុញបងមែនទេ?»ជាដើម៕