ក្នុង​ជំនួប​ប៉ះគ្នា​ចំនួន ៣លើក​ចុង​ក្រោយ​នៅ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣/២៤ ភ្នំពេញ​ក្រោន​មិន​ដែល​យក​ឈ្នះ​ព្រះខ័នរាជស្វាយរៀង​ឡើង ដោយ​ចាញ់ ២ និងស្មើ១។

មុន​​ជួន​គ្នា​ជា​លើក​ទី៤ ដែល​នឹង​ត្រូវ​ដណ្ដើម​ពានរង្វាន់បាល់ទាត់ សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវកាល ឆ្នាំ២០២៣-២៤ នៅថ្ងៃ​ទី២៨​ ខែមេសា ឆ្នាំ២០២៤​ ខាងមុខ ​នៅ​ពហុកី​ឡដ្ឋានជាតិ ចាប់​ពី​ម៉ោង ៤:០០នាទីរសៀលតទៅ។​

ក្នុង​ពាន​រង្វាន់​លីគកំពូលកម្ពុជា កាល​ពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ព្រះខ័នរាជស្វាយរៀង បាន​យក​ឈ្នះ ភ្នំពេញក្រោន ក្នុង​លទ្ធផល ២-១ ដោយ​ការប្រកួតសប្ដាហ៍ទី២ នៅកីឡដ្ឋានស្វាយរៀង។ ចូល​ដល់​សប្ដាហ៍ទី១១ ក្រុម​ទាំង​២បាន​ប៉ះ​គ្នា​ម្ដង​ទៀត ភ្នំពេញក្រោន បាន​ត្រឹម​ ០-០ ជាមួយ​ព្រះ​ខ័នរាជស្វាយរៀង កាល​ពីថ្ងៃទី២៦ វិច្ឆិកា ២០២៣ នៅកីឡដ្ឋាន ស្មាត អ អេស អិន។

ជួបគ្នា​ចុង​ក្រោយ នៅថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៤ នៅ​ក្នុង​ពាន​រង្វាន់​លីគកំពូល​កម្ពុជា ដដែល​ ព្រះខ័នរាជស្វាយរៀង បានយក​ឈ្នះ​ភ្នំពេញក្រោន ក្នុង​លទ្ធផល ៣ ទល់​និង២ ក្នុង​ការ​ប្រកួតសប្ដាហ៍ទី២០ នៅកីឡដ្ឋានស្វាយរៀង។

ភ្នំពេញក្រោន នឹងត្រូវប៉ះម្ចាស់ជើងឯកច្រើនជាងគេព្រះខ័នរាជស្វាយរៀង នៅថ្ងៃ​ទី២៨​ ខែមេសា ឆ្នាំ២០២៤​ ខាងមុខ ខណៈក្រុមវិសាខា ត្រូវប៉ះបឹងកេត ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ​៣ នៃ​ពាន​​រង្វាន់បាល់ទាត់ សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវកាល ឆ្នាំ២០២៣-២។

មុន​ប៉ះគ្នាលើកនេះ គឺ​ជាលើកទី២ហើយ ដែល​ក្រុម​ទាំអ​ប៉ះ​គ្នា​នៅវគ្គផ្ដាច់​ព្រ័ត្រ Hun Sen Cup ដោយ​នៅ​ឆ្នាំ២០០៨ ភ្នំពេញក្រោន (កាលនោះ​ឈ្មោះថា ភ្នំពេញ Empire)​ បាន​យក​ឈ្នះ ស្វាយរៀង ១-០ វគ្គផ្ដាច់​ព្រ័ត្រ។

ក្រុម​បាល់ទាត់ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់​លោក Oleg Starynskyi បានកក់កៅអីទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ជា​លើក​ដំបូងនៃរយៈពេល ១៤ឆ្នាំ ក្រោន ខកខាន​ឡើង​ទៅ​ជុំផ្តាច់​ព្រ័ត្រ អស់រយៈពេល ១៤ឆ្នាំហើយ ខណៈពានរង្វាន់ជើងឯកថ្នាក់ជាតិមួយនេះ បានបង្តើតឡើងនៅឆ្នាំ២០០៧ ពោលគឺមានអាយុ​កាល១៧ឆ្នាំ​។

ងាក​មក​ក្រុម​ព្រះខ័នរាជស្វាយរៀង បាន​ឡើង​មក​កាន់​វគ្គផ្ដាច់​ព្រ័ត្រ ពាន​រង្វាន់បាល់ទាត់ សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវកាល ឆ្នាំ២០២៣-២៤ ឆ្នាំ២០២៤នេះ នាម​ជា​ក្រុម​ដែល​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ច្រើនជាងគេ និង​ជា​ម្ចាស់ជើង​ឯក ៤សម័យកាលទៀតផថ។ ទាំង​​ព្រះ​ខ័នរាជស្វាយរៀង និង​ភ្នំពេញក្រោន សុទ្ធ​តែ​ស្ថិត​ក្នុង​បញ្ជី​​ក្រុម​វ័យ​ចំណាស់​ជាង​គេ​នៅ​ពានរង្វាន់ បើបូក​ទាំង​ណាហ្គាវើល, ខ.ភ.ម និង ក្រសួងមហាផ្ទៃ។

​ខាងក្រោមនេះគឺជាម្ចាស់​ជើង​ឯក​ដែល​នៅធ្លាប់ឈ្នះ Hun Sen Cup៖

១) ព្រះខ័នរាជស្វាយរៀង ធ្លាប់​ឈ្នះ​៤សម័យកាល (២០១១,២០១២,២០១៥,២០១៧)
២) វិសាខា ធ្លាប់​ឈ្នះ​៣សម័យកាល (២០២០,២០២១,២០២២)
៣) ភ្នំពេញក្រោន ធ្លាប់​ឈ្នះ​២​សម័យកាល (២០០៨,២០០៩)
៤) ណាហ្គាវើល ធ្លាប់​ឈ្នះ​១សម័យកាល (២០១៣)
៥) បឹងកេត ធ្លាប់​ឈ្នះ​១​សម័យកាល (២០១៩) ចំណែក​​ក្រុម​ខេមរាកីឡា ដែល​ធ្លាប់​ឈ្នះ​ជើង​ឯក​កាល​ពី​រដូវកាល​ទី១ ក្នុង​ឆ្នាំ​២០០៧ កន្លង​ទៅ​បាន​រំសាយ​ក្លិប​បាត់​ទៅ​ហើយ៕

Share.