ដោយ​យល់​ឃើញ​ថា ​វិស័យ​កងទ័ព​កម្ពុជា​​ប្រៀប​ដូច​ជា​សជី​ផ្ងារ​ គឺបានន័យថា ចំនួន​នាយទាហាន​ច្រើន​លើសលប់ មិន​សមាមាត្រ​នឹង​ចំនួន​ពលទាហាន សម្ដេច​ធិបតី​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ហើយ​ក៏​ធ្លាប់​ជា​មេទ័ព​ជើង​គោក​ផង​នោះ បាន​ផ្ដល់​អនុសាសន៍​ដល់​ក្រសួង​ការពារ​ជាតិ ក៏​ដូច​ជា​កង​យោធពល​ខេមរភូមិន្ទ ធ្វើ​ការ​កែទម្រង់​ការងារ​ជ្រើសរើស​កងទ័ព ដោយ​បន្ថយ​ចំនួន​នៃ​ការ​ជ្រើសរើស​នាយទាហាន និង​បង្កើន​ចំនួន​នៃ​ការ​ជ្រើសរើស​ពលទាហាន ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​មាន​តុល្យភាព​យោធិន​ដែល​មាន​តួនាទី​ដឹក​នាំ​បញ្ជា និង​យោធិន​ប្រយុទ្ធ​នៅ​គោល​ដៅ​ផ្ទាល់​។

សម្ដេច​ធិបតី​ថ្លែង​ថា ដើម្បី​ជំរុញ​ឲ្យ​ការងារ​នេះ​ដំណើរការ​ទៅ​បាន ក្រសួង​ការពារ​ជាតិ និង​កង​យោធពលខេមរភូមិន្ទ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ហ្មត់ចត់​អំពី​ច្បាប់​កាតព្វកិច្ច​យោធា និង​ឯកសារ​គតិយុត្តិ​ពាក់ព័ន្ធ ដែល​មាន​រួច​មក​ហើយ ពិចារណា​កែ​សម្រួល បំពេញ​បន្ថែម​ឲ្យ​បាន​ពេញលេញ ដើម្បី​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម និង​កសាង​បន្ថែម​នូវ​ឯកសារ​គតិយុត្តិ​ពាក់ព័ន្ធ​ចាំបាច់ ឆ្ពោះ​ទៅ​អនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា​ឲ្យ​បាន​ជា​ជំហាន​ៗ​ស្រប​តាម​សភាពការណ៍ និង​ភារកិច្ច​ការពារ​ជាតិ​នៅ​ពេលវេលា​សមស្រប​ខាង​មុខ​។

ពាក់ព័ន្ធ​នឹង​ច្បាប់​ស្ដីពី​កាតព្វកិច្ច​យោធា នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ក្រើនរំលឹក​ឲ្យ​គិតគូរ​ឲ្យ​បាន​ឆាប់រហ័ស ពោល​គឺ​ត្រូវ​ចាប់​ផ្ដើម​រៀបចំ​នៅ​ក្នុង​ឆ្នាំ ២០២៤ និង២០២៥ នេះ ដើម្បី​ជ្រើសរើស​យោធា​កាតព្វកិច្ច​មក​ផ្សាំ​ឲ្យ​ស៊ាំ​ជា​បណ្ដើរ ហើយ​ច្បាប់​នេះ​ក៏​ជា​រូបមន្ត​ដើម្បី​ឲ្យ​មាន​តុល្យភាព​រវាង​នាយទាហាន នាយទាហានរង និង​ពលទាហាន​ផង​ដែរ​។

អនុសាសន៍​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​ខាង​លើ​នេះ លើកឡើង​នៅ​ក្នុង​កម្មវិធី​សម្ពោធ​អគារ​សហ​សិក្សា អគារ​ស្នាក់​នៅ អគារ​អាហារដ្ឋាន និង​បិទ​វគ្គ​បណ្ដុះបណ្ដាល និង​ហ្វឹកហ្វឺន​ឆ្នាំ​២០២៣ បន្ត​បើក​វគ្គ​សិក្សា​ឆ្នាំ​២០២៤ នៅ​សាកលវិទ្យាល័យ​ការពារ​ជាតិ កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៩ ខែ​មេសា ឆ្នាំ ២០២៤៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.