ក្រចេះ ៖ បងប្អូនប្រជាពលរដ្ឋ ប្រុសស្រី ចាស់ក្មេង ចំនួន១៦នាក់ ស្រី១០នាក់កើតមានអាការៈក្អួតចង្អោរ រាគរុស ត្រូវបាននាំបញ្ជូនទៅមណ្ឌលសុខភាព មន្ទីរពេទ្យជាបន្តបន្ទាប់ សង្ស័យពុលចំណី នំបញ្ចុក កាលពីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅក្នុងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

តាមអាជ្ញាធរបានឱ្យដឹងថា ពលរដ្ឋទាំង១៦នាក់ កើតមានបញ្ហាសុខភាព រាគ ក្អួតចង្អោរ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកសំបូរ ចំនួន១១នាក់ ៖ ទី១ ឈ្មោះ រី ស្រីតុប ភេទស្រីអាយុ២៣ឆ្នាំ ។ ទី២ ឈ្មោះ កុយ រ៉ា ភេទប្រុស អាយុ៥០ឆ្នាំ ។ ទី៣ ឈ្មោះ អ៊ុ សុខខែង ភេទស្រី អាយុ៤៤ឆ្នាំ ។ ទី៤ ឈ្មោះ រី សុខី ភេទស្រី អាយុ៧ឆ្នាំ ។ ទី៥ ឈ្មោះ ថាច ជីតា ភេទស្រី អាយុ៤ឆ្នាំ ។ ទី៦ ឈ្មោះ ឈឿន ស្រីយុទ្ធ ភេទស្រី អាយុ១១ឆ្នាំ ។ទី៧ ឈ្មោះ ឈឿន ឆាលី ភេទប្រុសអាយុ១៤ឆ្នាំ ។ ទី៨ ឈ្មោះ ស្រី មឿន ភេទប្រុស អាយុ៤៩ឆ្នាំ ។ ទី៩ ឈ្មោះ សែម ឈុន ភេទប្រុស អាយុ៣៣ឆ្នាំ ។ ទី១០ ឈ្មោះ ថាច ឆៃ ភេទប្រុស១៦ឆ្នាំ ។ ទី១១ ឈ្មោះ រី សុខៃ ភេទស្រី អាយុ១០ឆ្នាំ ។ ចំណែកពលរដ្ឋចំនួន៥នាក់ទៀត កម្រឹតស្រាល បញ្ជូនទៅមណ្ឌលសុខភាព កំពង់ចាម ។

ប្រភពបន្តទៀតថា ករណីសង្ស័យពុលចំណីខាងលើកើតមានតាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីហូបនំបញ្ចុកលក់ក្នុងភូមិ តែមិនចាប់អារម្មណ៍ រហូតដល់យប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ពលរដ្ឋកើតមានអាការៈក្អួតចង្អោរ រាគ អស់កម្លាំងល្ហិតល្ហៃ សរុបទាំងអស់១៦នាក់ ។ ដោយឃើញសភាពមិនស្រួល ពលរដ្ឋរងគ្រោះទាំងនោះត្រូវបានបញ្ជូនទៅមណ្ឌលសុខភាព៥នាក់ និងបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកសំបូរចំនួន១១នាក់ ស្រី៧នាក់ ។

បើតាមការពិនិត្យស្រាវជ្រាវ ពីក្រុមគ្រូពេទ្យ អាជ្ញាធរ សមត្ថកិច្ចជំនាញ ឃើញថា បងប្អូនប្រជាពលរដ្ឋពុលនំបញ្ចុក ដោយកង្វះអនាម័យ ផ្អាប់ ប៉ះពាល់សុខភាព ។ មកដល់រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ ត្រូវបានលោក គង់ មេត្តា អភិបាលស្រុក ចុះសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដល់មន្ទីរពេទ្យ ចំណែកអាការៈ សុខភាពពលរដ្ឋរងគ្រោះបានធូរស្រាលបណ្តើរៗហើយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.