ភ្នំពេញ ៖ រថយន្តកូរ៉េទ្រុង ហុីយ៉ាន់ដាយមួយគ្រឿង បើកបរល្បឿនលឿនជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តដឹកទឹកកំពុងស្រោចសួន តាមទ្រូងផ្លូវ បណ្តាលឱ្យបុរសម្នាក់ កំពុងដើរតាមក្រោយរថយន្តដឹកទឹក ស្លាប់ដាច់ខ្លួនជាពីរកំណាត់ ហើយខ្ទាតទៅបុកឡើងសួនទ្រូងផ្លូវ ចំណែកខាងរថយន្តបង្ក កៀបជាប់អ្នកបើកបរ និងអ្នករួមដំណើរ២នាក់ រងរបួសធ្ងន់២នាក់ ស្រាល១នាក់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តដឹកទឹក មួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-0942 របស់ក្រុមហ៊ុនស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣ កំពុងបើកស្រោចស្មៅ ដើមឈើ លើសួនទ្រូងផ្លូវ ហើយមានបុរសជាកម្មករម្នាក់ ដើរតាមពីក្រោយរថយន្តនោះ ពីកើតទៅលិច ខណៈដែលកំពុងដើរស្រោចសួន ស្រាប់តែរថយន្តបង្កកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-5764 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយបុរស២នាក់ទៀត បើកពីកើតទៅលិច ល្បឿនលឿន ដល់ចំណុចកើតហេតុ បុកពីក្រោយ រថយន្តដឹកទឹកកំពុងស្រោចសួន បណ្តាលឱ្យកម្មករម្នាក់ ដែលកំពុងដើរតាមពីក្រោយរថយន្ត ស្លាប់ដាច់ខ្លួនជាពីរកំណាត់ ខ្ទាតឡើងទៅបុកឡើងសួនទ្រូងផ្លូវ ចំណែករថយន្តបង្ក កៀបជាប់អ្នកបើលបរ របួសធ្ងន់២នាក់ ស្រាល១នាក់ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ បងប្អូនប្រជាពលរដ្ឋជួយគាស់យកមនុស្ស៣នាក់ចេញពីក្នុងកាប៊ីន ដើម្បីដឹកបញ្ជូនទៅមន្ទីរពេទ្យ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ សមត្ថកិច្ចចាត់ចែង សពជនរងគ្រោះម្នាក់ ត្រូវបានទំនាក់ទំនងទៅក្រុមគ្រួសារដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តទាំង២គ្រឿង រងខូចខាតធ្ងន់ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាន កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.