ភ្នំពេញ ៖ បុរសម្នាក់រងរបួសបែកប្រអប់ជើងខាងស្តាំ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ គ្រាដែលកំពុងជិះម៉ូតូឆ្លងផ្លូវ ត្រូវបានរថយន្តPrius មួយគ្រឿងបើកលឿនជ្រុលបុក ប្លោងខ្ទាតច្រើនម៉ែត្រ ហើយរថយន្តបង្កបើករត់គេចបាត់ស្រមោល ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវ៦០ម៉ែត្រ ភូមិត្រាំស្លឹក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ដួង សុខុន ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AK-1250 ធ្វើដំណើរឆ្លងផ្លូវ៦០ម៉ែត្រពីកើតទៅលិច មិនទាន់ផុតផង ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកPrius ពណ៌ប្រផេះ មិនចាំស្លាកលេខ បើកលឿនពីជើងទៅត្បូង ជ្រុលបុកប្លាងខ្ទាតច្រើនម៉ែត្រ បណ្តាលឱ្យរងរបួសបែកប្រអប់ជើងស្តាំ ហើយរថយន្តបើករត់គេចទៅបាត់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ៕

អត្ថបទ៖តាតុងសែនជ័យ

Share.