ប្រភពពីមន្រ្តីសន្តិសុខអ៊ីរ៉ាក់ ២នាក់ និងមន្ត្រីអាមេរិកម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា យ៉ាងហោចណាស់ មានគ្រាប់រ៉ុក្កែតចំនួន៥ ត្រូវបានបាញ់ចេញពីទីក្រុង Zummar របស់អ៊ីរ៉ាក់ ឆ្ពោះទៅកាន់មូលដ្ឋានយោធាអាមេរិកនៅភាគឦសានប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍មុននេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤។

ការវាយប្រហារប្រឆាំងនឹងកងកម្លាំងអាមេរិកនេះ គឺជាលើកទីដំបូងបំផុត ចាប់តាំងពីដើមខែកុម្ភៈ នៅពេលដែលក្រុមដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ បានបញ្ឈប់ការវាយប្រហាររបស់ពួកគេប្រឆាំងនឹងកងទ័ពសហរដ្ឋអាមេរិក។

ការវាយប្រហារនេះ កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia al-Sudani ត្រឡប់មកពីទស្សនកិច្ចនៅសហរដ្ឋអាមេរិក ជាកន្លែងដែលលោក បានជួបជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden នៅឯសេតវិមាន។

ការបង្ហោះនៅលើគ្រុប Telegram ដែលមានទំនាក់ទំនងជាមួយក្រុម Kataib Hezbollah បាននិយាយថា ក្រុមប្រដាប់អាវុធនៅក្នុងប្រទេសអ៊ីរ៉ាក់ បានសម្រេចចិត្តបន្តការវាយប្រហារឡើងវិញលើកងទ័ពអាមេរិកនៅលើទឹកដីអ៉ីរ៉ាក់ បន្ទាប់ពីផ្អាកការវាយប្រហាររយៈពេលជិត ៣ខែ បន្ទាប់ពីឃើញមានការរីកចម្រើនតិចតួចលើកិច្ចពិភាក្សាស្ដីពីការបញ្ចប់សម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេស។

ដោយឡែកមន្ត្រីអាមេរិកម្នាក់ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា គ្រាប់រ៉ុក្កែតជាង ៥គ្រាប់ ត្រូវបានបាញ់ចេញពីប្រទេសអ៊ីរ៉ាក់ ឆ្ពោះទៅកាន់កងទ័ពនៅឯមូលដ្ឋានសម្ព័ន្ធមិត្តក្នុងទីក្រុង Rumalyn ប្រទេសស៊ីរី ប៉ុន្តែមិនមានបុគ្គលិកអាមេរិកណាម្នាក់រងរបួសនោះទេ។

មន្ត្រីរូបនេះបានហៅវាថាជា «ការវាយប្រហារដោយគ្រាប់រ៉ុក្កែតបរាជ័យ» ប៉ុន្តែ ភ្លាមៗ វាមិនច្បាស់ថា តើគ្រាប់រ៉ុក្កែតបានបរាជ័យនៅពេលវាយលុកចូលមូលដ្ឋាន ឬត្រូវបានបំផ្លាញមុនពេលវាទៅដល់គោលដៅនោះទេ ហើយវាក៏មិនច្បាស់ដែរថា តើមូលដ្ឋាន គឺជាគោលដៅ ឬយ៉ាងណានោះទេ៕

ប្រភព៖ Reuters

Share.