ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បាននិយាយនាថ្ងៃចន្ទ នេះថា មនុស្ស១១នាក់បាននឹងកំពុងបាត់ខ្លួន បន្ទាប់ពីព្យុះដ៏ខ្លាំងមួយបានវាយលុកភាគខាងត្បូងប្រទេសចិន ដោយមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤។

ភ្លៀងធ្លាក់ខ្លាំងបានកើតមាននៅខេត្ត Guangdong ភាគខាងត្បូងអស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយទឹកទន្លេបានហក់ឡើងខ្ពស់គួរឱ្យព្រួយបារម្ភ និងបង្កើនការភ័យព្រួយថា អាចនឹងបង្កទៅជាគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា អាចជាប្រភេទ ដែលគេបានជួបតែមួយដងក្នុងមួយសតវត្ស។

ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua បាននិយាយដោយដកស្រង់ពីនាយកដ្ឋានគ្រប់គ្រងគ្រាអាសន្នក្នុងតំបន់ថា «មនុស្សសរុបចំនួន ១១នាក់បានបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ដ៏ខ្លាំង បានវាយប្រហារផ្នែកជាច្រើននៃខេត្ត Guangdong ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ»។ ដោយបានបន្ថែមថា «មនុស្សជាង ៥៣,០០០ នាក់ ត្រូវបានផ្លាស់ប្តូរទីលំនៅទៅកាន់ទីទួលមានសុវត្ថិភាព នៅទូទាំងខេត្ត»។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្នុងចំណោមនោះ មនុស្សជាង ៤៥,០០០នាក់ត្រូវបានជម្លៀសចេញពីទីក្រុង Qingyuan នៃខេត្ត Guangdong ស្ថិតនៅជាប់ច្រាំងទន្លេ Bei។

ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថា នឹងបន្តនៅថ្ងៃចន្ទនេះ ដោយអាជ្ញាធរឧតុនិយមបានព្យាករណ៍ថា «ព្យុះផ្គររន្ទះ និងខ្យល់បក់ខ្លាំងនៅក្នុងដែនទឹកឆ្នេរសមុទ្រនៃខេត្ត Guangdong» ជាប់នឹងទីក្រុងសំខាន់ៗ រួមទាំងទីក្រុងហុងកុង និងទីក្រុង Shenzhen អាចរងផលប៉ះពាល់ដោយសារព្យុះភ្លៀងនេះ។

ខណៈមជ្ឈមណ្ឌលឧតុនិយមជាតិ បាននិយាយថា ខេត្តជិតខាងនៃខេត្ត Guangdong រួមទាំងផ្នែកខ្លះនៃខេត្ត ហ្វូចៀន (Fujian), ខេត្ត គួយចូវ (Guizhou) និងខេត្ត ក្វាងស៊ី (Guangxi) ក៏នឹងរងផលប៉ះពាល់ដោយព្យុះភ្លៀងនេះផងដែរ។

ដោយឡែកប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា នៅទីក្រុង ជាំងហ្វាង (Jiangwan) មានមនុស្ស ៦នាក់បានរងរបួស និងមួយចំនួនទៀតបានជាប់នៅក្នុងការរអិលបាក់ដីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃអាទិត្យសប្ដាហ៍មុននេះ។

សូមជម្រាបថា ការប្រែប្រួលអាកាសធាតុមិនមែនជារឿងចម្លែកសម្រាប់ប្រទេសចិននោះទេ ប៉ុន្មានឆ្នាំចុងក្រោយនេះ គេបានឃើញប្រទេសនេះរងការវាយប្រហារដោយទឹកជំនន់ធ្ងន់ធ្ងរ បញ្ហាគ្រោះរាំងស្ងួត និងការឡើងកំដៅបំបែកកំណត់ត្រា។ បញ្ហាបម្រែបម្រួលអាកាសធាតុដែលជំរុញដោយឧស្ម័នផ្ទះកញ្ចក់ដែលបញ្ចេញដោយមនុស្ស ធ្វើឱ្យព្រឹត្តិការណ៍អាកាសធាតុកាន់តែធ្ងន់ធ្ងរកើតមានកាន់តែញឹកញាប់ និងខ្លាំងឡើង ហើយប្រទេសចិន គឺជាប្រទេសដែលបញ្ចេញឧស្ម័នដ៏ធំបំផុតរបស់ពិភពលោក៕

ប្រភព៖ CNA

Share.