ត្បូងឃ្មុំ៖
តំបន់ដីព្រៃរនាមដែលជាជំរកត្រីពង កូន ចំនួន ៧៤៨ហិកតា  នៅចំណុចប្របផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិយាយស ឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ កំពុងរងការកាប់បំផ្លាញដុតពីជនខិលខូច យកធ្វើជាកម្មសិទ្ធ យ៉ាងអនាធិបតេយ្យ ខណៈពុំទាំន់ឃើញជលផលខេត្ត មានវិធានការបង្ក្រាបនៅឡើយ ដែលធ្វើឱ្យពលរដ្ឋនៅភូមិយាយស ព្រួយបារម្ភពី ចំពោះការបាត់បង់ព្រៃរនាម បាត់បង់ជីវៈចម្រុះ ពិសេសភ្លើងឆេះព្រៃ អាចរាលដល់លំនៅដ្ឋានពួកគាត់ផងដែរ ។

ពលរដ្ឋក្នុងភូមិយាយសបានរាយការណ៍ឱ្យដឹងថា ដីលំនៅដ្ឋាន ដែលវាស់ពីអក្សផ្លូវជាតិលេខ៧ មកប្រវែង១០០ម៉ែត្រ គឺពលរដ្ឋអាចកាន់កាប់ជាកម្មសិទ្ធិបាន លើសពីនេះគឺជាដី ជលផល និងនេសាទខេត្ត។ តែបច្ចុប្បន្ន ក្នុងព្រៃមានគេបោះបង្គោលព្រំមានម្ចាស់អស់ទៅហើយ ហើយជនល្មើសបានកាប់ព្រៃដុតឆេះទាំងយប់ថ្ងៃយ៉ាងរំភើយ ។

ពលរដ្ឋបានលើកឡើងទៀតថា ពួកគាត់ជារាស្រ្តសាមញ្ញមិនហ៊ានទៅរានព្រៃទាំងនោះទេ តាមដឹងអ្នកហ៊ានកាប់ព្រៃទាំងនោះ គឺសុទ្ធតែអ្នកមាន និងអ្នកមានអំណាច ទើបមានទន្រ្ទានដីព្រៃបែបនេះ។ ជាមួយគ្នាពួកគាត់សំណូមពរឱ្យអាជ្ញាធរខេត្ត មេត្តាចុះត្រួតពិនិត្យផង ដើម្បីរក្សាដីព្រៃតំបន់នេះឱ្យបានគង់វង្សជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។

ទាក់ទងបញ្ហានេះ ក្រុមការងារបានទាក់ទងទៅលោក អ៊ាម ម៉ាយ៉ុងរី នាយខណ្ឌជលផលខេត្ត ដើម្បីសុំការបំភ្លឺជុំវិញរឿងនេះ ព្រោះដីព្រៃទាំង៧៤៨ហិកតា ស្ថិតក្រោមការគ្រប់គ្រងរបស់ជលផល តែទូរស័ព្ទមិនអាចទំនាក់ទំនងបាន ទេ​នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ។

ជុំវិញករណីការកាប់ទន្ទ្រានដីព្រៃរនាមនេះ លោក នី សុធី ប្រធានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ លោកបានបញ្ជាក់ប្រាប់ក្រុមការងារតាមទូរស័ព្ទថា ដីនៅតំបន់នេះ ជលផលជាអ្នកគ្រប់គ្រង ជំនាញយើងបានសហការជាមួយខាងជលផលដែរ តែខាងប្រតិបត្តិការបង្ក្រាបជានគរបាលយុត្តិធម៌ គឺកម្លាំងជលផលជាអ្នកអនុវត្តន៍ ដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីចាត់ការទៅតាមនិតិវិធី ទៅលើជនល្មើសទាំងឡាយណាដែលកាប់បំផ្លាចដីព្រៃរបស់រដ្ឋនេះ៕

អត្ថបទ៖ សាន វីឡែម

Share.