ភ្នំពេញ ៖ ស្ត្រីម្នាក់បាត់ពីផ្ទះគ្មានដំណឹង ក្រុមគ្រួសារតាមស្វែងរកពេញមួយយប់ ស្រាប់តែមកដល់វេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ រកឃើញតែក្លាយជាសាកសពអណ្តែតទឹក ទន្លេបាសាក់ នៅខាងក្រោមស្ពានព្រះមុន្នីវង្សចាស់ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សពស្ត្រីខាងលើមានឈ្មោះ ជីង អាយុ១៨ឆ្នាំមុខរបរលក់ម្ជូរមានទីលំនៅភូមិព្រែក សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមការរៀបរាប់ពីក្រុមគ្រួសារបានឱ្យដឹងថា ស្ត្រីរងគ្រោះបានបាត់ពីផ្ទះនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ដោយមិនឃើញចូលសម្រាកដូចសពដង ក្រុមគ្រួសារតាមស្វែងរក តែមិនឃើញ រហូតមកដល់ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បន្តតាមរកនៅតែមិនឃើញ ស្រាប់តែមកដល់ថ្ងៃរសៀលថ្ងៃដែលនេះ បងប្អូនអ្នកនេសាទ ជាអ្នកស្គាល់គ្នាប្រាប់ថាប្រទះឃើញ ស្ត្រីរងគ្រោះស្លាប់អណ្តែតទឹកក្រោមស្ពានទៅវិញ ។

សពស្ត្រីខាងលើត្រូវបានក្រុមគ្រួសារ អ្នកនេសាទស្គាល់គ្នាជួយស្រង់ឡើងដាក់លើគោក ខាងក្រោមស្ពានព្រះមុន្នីវង់ ហើយរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យតែម្តង ។ ក្រោយ សមត្ថកិច្ចចុះទៅពិនិត្យ កោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ សេង សាវី

Share.