តៃប៉ិ៖ គ្រោះរញ្ជួយដីជាង ៨០លើក ដែលកម្លាំងខ្លាំងបំផុត ៦.៣រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្រភាគខាងកើតរបស់កោះតៃវ៉ាន់ ចាប់ពីយប់ថ្ងៃចន្ទ រហូតដល់ព្រឹកថ្ងៃអង្គារ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤។

រដ្ឋបាល​អាកាសធាតុ​របស់​កោះតៃវ៉ាន់​បាន​និយាយ​ថា អគារមួយចំនួននៅទីក្រុងតៃប៉ិ បានរង្គើរដោយសារតែការ​រញ្ជួយ​ដី។ ការរញ្ជួយដីបានផ្តោតទៅលើតំបន់ភាគខាងកើតនៃទីក្រុង Hualien ជាកន្លែងដែលមនុស្សយ៉ាងហោចណាស់ ១៧នាក់ បានស្លាប់ បន្ទាប់ពីមានការរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រ កាលពីថ្ងៃទី៣ ខែមេសា ថ្មីៗនេះ។ ក្រោយមកតៃវ៉ាន់​ត្រូវ​បានរាយការណ៍ថា បានរងគ្រោះដោយការ​រញ្ជួយ​​ដី​រាប់​រយដង​ចាប់​តាំង​ពី​ពេល​នោះ​មក។

យោងតាមរដ្ឋបាលអាកាសធាតុកណ្តាលបានឱ្យដឹងថា គ្រោះរញ្ជួយដីដ៏ខ្លាំងលើកទី១ ដែលមានកម្រិត ៥.៥រ៉ិចទ័រ បានវាយប្រហារកាលពីថ្ងៃចន្ទ នៅម៉ោងប្រហែល ៥:០៨នាទីល្ងាច ប្រហែលជាចាប់ផ្ដើមនៅក្នុងរដ្ឋធានីតៃប៉ិ របស់កោះតៃវ៉ាន់ ហើយក្រោយមកមានការរញ្ជួយដីជាបន្ដបន្ទាប់ទៀត។

យោងតាមគេហទំព័រក្នុងតំបន់ Hualien បានឱ្យដឹងថា ការរញ្ជួយតូចៗ រាប់សិបទៀត ត្រូវបានកត់ត្រាដោយរដ្ឋបាលអាកាសធាតុកណ្តាលពេញមួយយប់ ដោយមានការរញ្ជួយថ្មីរៀងរាល់២ ទៅ ៣នាទីម្តង។

សូមជម្រាបថា កោះតៃវ៉ាន់​ស្ថិត​នៅ​ជិត​ចំណុច​ប្រសព្វ​នៃ​បន្ទះ​ប្លាកែត​២ ហើយ​ជារឿយៗ ងាយ​នឹង​មាន​ការ​រញ្ជួយ​ដីណាស់។ កាលពីឆ្នាំ២០១៦ មនុស្សជាង ១០០នាក់បានស្លាប់ក្នុងការរញ្ជួយដីនៅភាគខាងត្បូងកោះនេះ ខណៈការរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ បានសម្លាប់មនុស្សជាង ២,០០០នាក់ កាលពីឆ្នាំ១៩៩៩៕

ប្រភព៖ CNA

Share.