សៀមរាប ៖ កម្លាំងសមត្ថកិច្ចជំនាញស្នងការខេត្តសៀមរាប សហការជាមួយកម្លាំងស្នងការខេត្តស្ទឹងត្រែង ស្រាវជ្រាវរហូតដល់បង្ក្រាបចាប់ខ្លួនជនសង្ស័យបានម្នាក់ ពាក់ព័ន្ធកាន់កាប់ ប្រើប្រាស់អាវុធខុសច្បាប់ ស្រាប់តែបានទាំងគ្រឿងញៀនទម្ងន់១២០,៦៨៥គីឡូក្រាម កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យជាជនជាតិឡាវ ម្នាក់ ត្រូវបានចាប់ខ្លួន ក្នុងចំណោមបក្ខពួក១១នាក់ ជាប់ពាក់ព័ន្ធ ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងបទល្មើសសម្អាតប្រាក់ ត្រូវបានកម្លាំងជំនាញស្នងការខេត្តសៀមរាប សហការជាមួយកម្លាំងស្នងការខេត្តស្ទឹងត្រែង ស្រាវជ្រាវ រហូតចាប់ខ្លួនបានកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នាំទៅសាកសួរ ទៅឆែកឆេរ ទីតាំងមួយកន្លែងស្ថិតនៅ ភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប សមត្ថកិច្ច ដកហូតបាន វត្ថុតាង ថ្នាំញៀនមេតំហ្វេតាមីន(ice) សរុបចំនួន១២១ដុំ ដែលបានលាក់ទុកនៅក្នុងរថយន្តម៉ាកកាមរីហើម ស្មើនឹងទម្ងន់ ១២០,៦៨៥ ក្រាម ។

ជនសង្ស័យរួមជាមួយវត្ថុតាង ឃាត់ខ្លួនសាកសួរ និងកសាងសំណុំរឿងនៅស្នងការខេត្តសៀមរាប រហូតដល់ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាកាខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.