រដ្ឋមន្ត្រីការបរទេសចិនបានប្រកាសជំហរប្រឆាំងដាច់ខាត ចំពោះការជ្រៀតជ្រែកពីខាងក្រៅក្នុងកិច្ចការផ្ទៃក្នុងរបស់ កម្ពុជាខណៈដែលកម្ពុជាប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហានានារបស់តៃវ៉ាន់ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។

ការប្រកាសរបស់ប្រទេសជាមិត្តដែកថែងនឹងគ្នាទាំងពីរនេះ បានធ្វើឡើងក្នុងឱកាសដែលប្រមុខការទូតចិនធ្វើឡើងក្នុងឱកាសលោកអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជានិងបើកកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ។

យោងតាមសេចក្តីប្រកាសរួមកម្ពុជា-ចិន ស្តីពីដំណើរទស្សនកិច្ចនេះ បានឱ្យដឹងថា ក្នុងដំណើរបំពេញទស្សនកិច្ចនេះ លោក វ៉ាង យី បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកក៏បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំនៃគណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិនលើកទី ៧ ជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងបានអញ្ជើញជួប ប្រជុំទ្វេភាគីជាមួយ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ផងដែរ។

បើតាមសេចក្តីថ្លែងការណ៍រួមគ្នាដដែល ភាគីទាំងពីរបានឯកភាពគ្នាថា កម្ពុជា និងចិនគឺជាមិត្តដែកថែបដែលតែងតែនៅក្បែរគ្នា និងជួយគ្នាក្នុងគ្រាលំបាក។ ក្រោមការចង្អុលបង្ហាញជាយុទ្ធសាស្ត្ររបស់ លោកប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំកម្ពុជា ភាគីទាំងពីរបានខិតខំប្រឹងប្រែងកសាងសហគមន៍វាសនារួមកម្ពុជា-ចិនប្រកបដោយភាពស៊ីជម្រៅនិងជាក់ស្តែង, ពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងបង្កើតឱ្យមានវឌ្ឍនភាពវិជ្ជមានក្នុងការកសាងរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ក៏ដូចជារបៀងមច្ឆា និងអង្គរ ដែលនាំមកនូវផលប្រយោជន៍រូបវន្តដល់ប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពធ្វើអានុភាវូបនីយកម្មតួនាទីសម្របសម្រួលរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់, កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ព្រមទាំងរួមគ្នាជំរុញពហុភាគីនិយម និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍រួមប្រកបដោយសេរី, បើកចំហ, សមភាព និងបរិយាបន្ន។

ភាគីចិនបានគូសបញ្ជាក់សារជាថ្មីនូវការគាំទ្រ ចំពោះជម្រើសរបស់កម្ពុជាលើមាគ៌ាអភិវឌ្ឍន៍ដែលស្របនឹងលក្ខខណ្ឌជាតិ, គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍផ្ទៃក្នុងរបស់កម្ពុជាព្រមទាំងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកពីផ្នែកខាងក្រៅក្នុងកិច្ចការភាគីកម្ពុជាក៏បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលនយោបាយចិនតែមួយ និងទទួលស្គាល់ថាសាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បានពីទឹកដីរបស់ប្រទេសចិន។ កម្ពុជាប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហានានារបស់តៃវ៉ាន់ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ប្រឆាំងគ្រប់ទម្រង់នៃឯករាជ្យភាពរបស់តៃវ៉ាន់, គាំទ្រយ៉ាងមុតមាំលើរាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ, និងមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់នោះទេ។

កម្ពុជា-ចិន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសរួមមួយ ស្តីពីដំណើរទស្សនកិច្ចរបស់ លោក វ៉ាង យី សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន, ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស, និងជារដ្ឋមន្ត្រី ការបរទេស មកកាន់ប្រទេសកម្ពុជា និងបើកកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤៕

Share.