រដ្ឋមន្ត្រី​ការបរទេស​ចិន ឯកឧត្ដម វ៉ាង យី បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈ​ពេល​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី ២១ ដល់​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ២០២៤​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ទី ២៣ មេសា​នេះ ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន​បាន​សម្រេច​នូវ​លទ្ធផល ជា​ប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ ដែល​គួរ​ឲ្យ​កត់សម្គាល់​ដូច​ជា​៖

កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី កម្ពុជា និង​ចិន​បាន​ខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-ចិន​ប្រកប​ដោយ​ភាព​ស៊ី​ជម្រៅ និង​ជាក់​ស្ដែង ពង្រឹង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ត្បូងពេជ្រ និង​បង្កើត​ឱ្យ​មាន​វឌ្ឍនភាព​វិជ្ជមាន​ក្នុង​ការ កសាង​របៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា ក៏​ដូច​ជា​របៀង​មច្ឆា និង​អង្ករ ដែល​នាំ​មក​នូវ​ផល​ប្រយោជន៍​រូបវន្ត​ដល់​ប្រទេស​ទាំង​ពីរ​។ ភាគី​ទាំង​ពីរ​បាន​ឯកភាព​ធ្វើ​អានុភាវូបនីយកម្ម​តួនាទី​សម្របសម្រួល​របស់​គណៈកម្មាធិការ​សម្របសម្រួល​អន្តរ​រដ្ឋាភិបាល​កម្ពុជា​-​ចិន ដើម្បី​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ក្នុង​យុគសម័យ​ថ្មី ប្រកប​ដោយ​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​បទដ្ឋាន​ខ្ពស់ ព្រម​ទាំង​រួម​គ្នា​ជំរុញ​ពហុភាគី​និយម និង​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​ដែល​ផ្ដល់​ផល​ប្រយោជន៍​រួម​ប្រកប​ដោយ​សេរី បើក​ចំហ សមភាព និង​បរិយាបន្ន​។

វិស័យ​នយោបាយ ភាគី​ចិន​បាន​គូស​បញ្ជាក់​សា​ជា​ថ្មី​នូវ​ការ​គាំទ្រ​ចំពោះ​ជម្រើស​របស់​កម្ពុជា​លើ​មាគ៌ា​អភិវឌ្ឍន៍​ដែល​ស្រប នឹង​លក្ខខណ្ឌ​ជាតិ គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ សន្តិសុខ និង​ផលប្រយោជន៍​នៃ​ការ​អភិវឌ្ឍ ព្រម​ទាំង​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​ជ្រៀតជ្រែក​ពី​ផ្នែក​ខាង​ក្រៅ​ក្នុង​កិច្ចការ ផ្ទៃ​ក្នុង​របស់​កម្ពុជា​។ ភាគី​កម្ពុជា​ក៏​បាន​បញ្ជាក់​ឡើង​វិញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​គោល​នយោបាយ ចិន​តែ​មួយ និង​ទទួល​ស្គាល់​ថា​សាធារណរដ្ឋប្រជាមានិត​ចិន​គឺ​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​តែ​មួយ​គត់​តំណាង​ឱ្យ ប្រទេស​ចិន​ទាំង​មូល ហើយ​តៃវ៉ាន់​គឺ​ជា​ផ្នែក​ដែល​មិន​អាច​កាត់​ផ្ដាច់​បាន​ពី​ទឹកដី​របស់​ប្រទេស​ចិន​។

អភិបាលកិច្ច និង​សន្តិសុខ កម្ពុជា និង​ចិន​នៅ​តែ​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នានា​មាន​ជា​អាទិ​សេវា​សុខាភិបាល និង​ភស្តុភារ​កម្ម ការ​បណ្ដុះបណ្ដាល​បុគ្គលិក និង​ការ​បោស​សម្អាត​មីន ព្រមទាំង​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ដូច​ជា​ល្បែង​ស៊ីសង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ការ​ក្លែង​​បន្លំ​តាម​ទូរគមនាគមន៍ និង​ការ​ជួញដូរ​គ្រឿងញៀន​។

វិស័យ​ពាណិជ្ជកម្ម ភាគី​ទាំង​ពីរ​នឹង​ពន្លឿន​ការ​បង្កើត​ផែនការ​សហប្រតិបត្តិការ​សម្រាប់​ច្រក​របៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា ជំរុញ​ការ​រៀបចំ​ផែនការ​គោល និង​ការ​រៀបចំ​ផ្លូវ​ដែក​កម្ពុជា​-​ចិន និង​ផ្ដល់​មជ្ឈមណ្ឌល​ធ្វើ​និទស្សន៍​កសិកម្ម​ចិន និង​គម្រោង​ប្រមូល​ផល​ដើម​ដៃ​ផ្សេង​ទៀត​នៃ​ច្រក​របៀង​មច្ឆា និង​អង្ករ និង​ធ្វើ ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន​។ ធានា​ឱ្យ​បាន​នូវ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ប្រកប​ដោយ​គុណភាព​ខ្ពស់ ជំរុញ​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន និង​លើកទឹកចិត្ត​ឱ្យ​ធុរជន​ចិន​មក​បណ្ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​ច្រើន​។

វិស័យ​ទេសចរណ៍ ភាគី​ទាំង​ពីរ​បាន​ឯកភាព​ក្នុង​ការ​ឆ្លៀត​ចាប់​យក​កាលានុវត្ត​ភាព​នៃ “ឆ្នាំ​ផ្លាស់ប្ដូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន​” ជំរុញ​ការ​ផ្លាស់ប្ដូរ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ បង្កើន​ជើង​ហោះហើរ​ទ្វេ​ទិស​ប្រកប​ដោយ សណ្ដាប់ធ្នាប់ គាំទ្រ​កម្ពុជា​ក្នុង​ការ​ប្រើប្រាស់​ឱ្យ​អស់​ពី​សក្ដានុពល​នៃ​ធនធាន​ទេសចរណ៍ និង​ធនធាន​របស់​ខ្លួន និង​ដាក់​ចេញ​បន្ថែម​នូវ​ការ​ផ្លាស់ប្ដូរ​រវាង​យុវជន ប្រជាជន​មូលដ្ឋាន និង​ក្រុម​មិត្តភាព​។

ចំណែក​ឯ​សមិទ្ធផល​ថ្មី គឺ​មិន​មាន​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ គ្រាន់​តែ​ភាគី​ទាំង​ពី បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នានា​រួម​មាន​ហេដ្ឋារចនាសម្ព័ន្ធ អធិការកិច្ច និង​ចត្តាឡីស័ក​។ ភាគី​ទាំង​ពីរ​បាន​ចូលរួម​ពិធី​ប្រកាស និង​ផ្សព្វផ្សាយ​សៀវភៅ​ស្ដីពី ប្រពៃណី​របស់​កម្ពុជា​ជា​ខេមរភាសា ដែល​បាន​បកប្រែ​ពី​ភាសា​ចិន និង​ពិធី​សម្ពោធ​ការ​នាំ​ចេញ​ផ្លែ​ដូង​ស្រស់ របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​។

សូម​រំឭក​ថា ចាប់​ពី​ថ្ងៃទី​២១ ដល់ថ្ងៃទី២៣ ខែ​មេសា ឆ្នាំ២០២៤ ឯកឧត្ដម វ៉ាង យី សមាជិក​ការិយាល័យ​នយោបាយ នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន ប្រធាន​ការិយាល័យ​គណៈកម្មការ​កិច្ចការ​បរទេស និង​ជា​រដ្ឋមន្ត្រី​ការបរទេស បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ ឯក​ឧត្តម វ៉ាង យី បាន​ចូល​ក្រាប​បង្គំ​គាល់ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជួប​សម្ដែង​ការ​គួរសម​ជា​មួយ សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ឯកឧត្ដម វ៉ាង យី ក៏​បាន​អញ្ជើញ​ជា​សហប្រធាន​ដឹកនាំ​កិច្ច​ប្រជុំ​នៃ​គណៈកម្មាធិការ​សម្របសម្រួល អន្តររដ្ឋាភិបាល​កម្ពុជា​-​ចិន​លើក​ទី ៧ ជា​មួយ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​បាន​អញ្ជើញ​ជួប​ប្រជុំ​ទ្វេភាគី​ជា​មួយ​ឯកឧត្ដម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ផងដែរ​៕

Share.