កំពង់ចាម៖ រដ្ឋបាលស្រុកកងមាសបានរៀបចំការដេញថ្លៃលើគម្រោងផ្លូវបេតុង ចំនួន៣ឃុំ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម រួមមាន ឃុំរកាគយ ឃុំរការអារ និងឃុំកងតាណឹង ដែលមានទឹកប្រាក់សរុបជាង ៩០០លានរៀល ត្រូវបានដាក់ដេញថ្លៃជាសាធារណៈ នៅសាលាស្រុកកងមាស នាចុងសប្តាហ៍កន្លងទៅ។ ចំពោះលទ្ធផលនៃការដេញថ្លៃ គឺមានការប្រកួតប្រជែងទៅតាមទីផ្សារសេរីមែនតម្លៃចុះច្រើន ធ្វើឲ្យរដ្ឋចំណេញថវិកាជាង៦០០លានរៀលឯណោះ ។ តែប្រជាពលរដ្ឋព្រួយបារម្ភពីផ្លូវគ្មានគុណភាពទៅវិញ ព្រោះផ្លូវបេតុងដែលទទួលបានក្នុង១ម៉ែត្រក្រឡាតម្លៃតែ៣ម៉ឺនរៀល ហើយរដ្ឋកំណត់តម្លៃ៦ម៉ឺនរៀលក្នុង១ម៉ែត្រក្រឡាទើបផ្លូវមានគុណភាព ។

ក្រុមហ៊ុនដែលបានចូលរួមដេញជិត២០ ថ្លែងថា លទ្ធផលជុំវិញការដេញត្រូវគេសង្ស័យថា គណៈកម្មការលទ្ធកម្មទាំង៣ឃុំ មានការឃុបឃិតគ្នាជាប្រព័ន្ធបានកែទិន្នន័យតម្រូវឲ្យឈ្នះទៅលើក្រុមហ៊ុនដែលបានដេញតម្លៃទាបជាងគេទាំង៣ឃុំនោះ។ បន្ទាប់ពីគណៈកម្មការបានសម្រេចទៅឲ្យក្រុមហ៊ុន ដែលធ្លាប់ចូលរួមដេញថ្លៃគម្រោងរាប់រយដងរួចមកហើយ ដោយសម្អាងលេសថា គុណឯកតាខុស (ខុសបច្ចេកទេស) ហើយគណៈកម្មការមានសិទ្ធិកែទៅឲ្យក្រុមហ៊ុនចំនួន៣ រួមមាន

  • ១.ក្រុមហ៊ុន យេន ស៉ីនួន
    – ២.ក្រុមហ៊ុន កេត សុខគាង
    – ៣ ក្រុមហ៊ុន កេត ម៉េងឡាយ

លោកឡុង ខេង អភិបាលស្រុកកងមាសថ្លែងថា ការដេញថ្លៃគឺមានគណៈកម្មការដេញថ្លៃឃុំនីមួយៗ បានចូលរួមពិនិត្យនិងតាមដានមើលការដេញថ្លៃ ពោលគឺមានក្រុមហ៊ុនជាច្រើនបានចូលរួមប្រកួតប្រជែង ហើយការដេញថ្លៃនេះចុះច្រើនធ្វើឱ្យឃុំទាំង៣ចំណេញថវិកាយ៉ាងច្រើន គឺ.

– ១.ឃុំរកាគយ ផ្លូវបេតុងប្រវែង៤៨៣ ម៉ែត្រត ម្លៃដាក់ឲ្យដេញថ្លៃជាង២៧៤ លានរៀល ដោយមានក្រុមហ៊ុនចំនួន៨ បានចូលរួមដេញថ្លៃបានទៅលើក្រុមហ៊ុន យេន ស៊ីនួន ក្នុងតម្លៃជាង៧៦លានរៀល។
– ២.ឃុំរកាអា ផ្លូវបេតុងប្រវែង៦០៥ម៉ែត្រតម្លៃដាក់ដេញថ្លៃជាង៣០០លានរៀលមានក្រុមហ៊ុនចំនួន៧ ចូលរួមដេញថ្លៃបានទៅលើក្រុមហ៊ុន កេត សុខគៀងតម្លៃ ៩៤លានរៀល។
– ៣.ឃុំកងតាណឹង ផ្លូវបេតុងប្រវែង៧៥៧ ម៉ែត្រ តម្លៃដាក់ដេញថ្លៃជាង៣៣៩លានរៀល មាន៦ក្រុមហ៊ុនចូលរួមដេញថ្លៃបានទៅលើក្រុមហ៊ុន កេត ម៉េងឡាយតម្លៃជាង១០៤លានរៀល។

ចំពោះការដេញថ្លៃគម្រោងផ្លូវបេតុងទាំង៣ឃុំចុះច្រើនបែបនេះ រដ្ឋបាលស្រុកកងមាស និងចាត់តាំងឲ្យមានក្រុមមន្ត្រីសហការ ជាមួយក្រុមបច្ចេកទេសដើម្បីតាមដានពិនិត្យមើលការស្ថាបនាផ្លូវបេតុង អំពីកម្រាស់និងប្រវែងតើត្រឹមត្រូវតាមកិច្ចសន្យាដែរឬទេ..? ក្នុងករណីបើក្រុមហ៊ុនដែលដេញថ្លៃផ្លូវបេតុងបានស្ថាបនាមិនត្រូវ តាមបច្ចេកទេសស្រុកមិនមានសិទ្ធិលូកដៃនោះទេ ដោយគ្រាន់តែតាមដានណែនាំឱ្យខាងគណៈកម្មការដេញថ្លៃឃុំ ត្រូវបញ្ឈប់ក្រុមហ៊ុននោះ មិនឲ្យស្ថាបនាផ្លូវបន្តទៀត ៕

អត្ថបទ÷សាន វីឡេម

Share.