ភ្នំពេញ ៖ រថយន្តកូរ៉េឃ្លុបមួយគ្រឿង ដឹកផលិតផលសាច់បង្កក ដែលឈ្នួញដឹកជញ្ជូនយកទៅចែកចាយបន្ត ត្រូវបានអគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ ក្រុមការងារ អន្តរាគមន៍បង្ក្រាបបទល្មើស ចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ ធ្វើការស្ទាក់ចាប់ឃាត់បាន កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវចោមចៅ ក្បែរភ្លើងស្តុបទួលពង្រ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការខាងលើ កម្លាំងជំនាញឃាត់រថយន្តមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-4135 រកឃើញផលិតផលសាច់បង្កក រួមមាន ជើងជ្រូកចំនួន១កេស ស្មើនឹង១៨គីឡូក្រាម , អណ្ដាតជ្រូកចំនួន ១៤៩កេសស្មើនឹង២,៦៨២ គីឡូក្រាម សរុបទាំងអស់ចំនួន១៥០កេស ស្មើនឹង២,៧០០ គីឡូក្រាម ដែលឈ្មួញនាំចូល បន្តចែកចាយដោយគ្មានច្បាប់អនុញ្ញាតិ ។

សមត្ថកិច្ចបានឱ្យដឹងថា សាច់បង្កកទាំងនោះ ត្រូវបានឈ្នួញដឹកមកពីខេត្តព្រះសីហនុ យកមកលក់ចែកចាយបន្តនៅរាជធានីភ្នំពេញ ដោយគ្មានវិញ្ញាបនបត្រ អនាម័យ សត្វ ពីប្រទេសនាំចេញនោះទេ ហើយសាច់បង្កកឬផលិតផលសត្វទាំងអស់នោះ ធុំក្លិន មានសភាព ប្រែពណ៌ លឿង ខ្មៅ និងខូចគុណភាពទៅហើយ ។ ក្រោយពីចាប់ឃាត់បាន សាច់បង្កកទាំងនោះ ត្រូវបាននាំយកទៅកាន់អគ្គនាយកដ្ឋាន សុខភាពសត្វ និង ផលិតកម្មសត្វ ដើម្បី អនុវត្តន៍បន្តតាមនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.