បន្ទាយមានជ័យ៖ មន្ត្រីគយ និងរដ្ឋករតំបន់៥សហការជាមួយមន្ត្រីផលិតកម្មនិងបសុព្យាបាលខេត្តឃាត់រថយន្ត២គ្រឿងដឹកសាច់មាន់និងគ្រឿងក្នុងមាន់ជាង៧តោនត្រូវបានដុតកម្ទេចចោល កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នៅជាយក្រុងសិរីសោភ័ណ។

មន្ត្រីគយនិងរដ្ឋករការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥បានប្រាប់ថា កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នៅក្បែព្រំដែនច្រករបៀងខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ មន្ត្រីគយ និងរដ្ឋករតំបន់៥ សហការជាមួយមន្ត្រីផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវឃាត់រថយន្តដឹកអ្នកដំណើរ២គ្រឿង បានធ្វើការឆែកឆេររកឃើញសាច់មាន់ គ្រឿងក្នុងមាន់ដែលលួចដាក់បង្កប់គ្មានច្បាប់​ និងដឹកគ្មានលក្ខណៈបច្ចេកទេស និងខូចគុណភាពមានទម្ងន់ ៧,២០០គីឡូក្រាម។

មន្ត្រីគយនិងរដ្ឋករតំបន់៥បានបញ្ជាក់ថា៖ ក្រោយឃាត់រថយន្ត២គ្រឿងប្រភេទតួរីស១គ្រឿងពាក់ផ្លាកលេខភ្នំពេញ2R.8419 និង១គ្រឿងទៀតប្រភេទតួរីសដូចគ្នាដែលពាក់ផ្លាកលេខកំពត2A.1040 ដែលដឹកសាច់មានគ្រឿងក្នុងមានគ្មានច្បាប់អនុញ្ញាតិ និងដឹកគ្មានលក្ខណៈបច្ចេកទេសបណ្តាលខូចគុណភាពត្រូវបានអនុវត្តន៍តាមនីតិវិធីបន្តហើយសាច់មាន់និងគ្រឿងក្នុងមាន់ជាង៧តោនត្រូវបានយកទៅដុតកំទិចចោលនៅជាយក្រុងសិរីសោភ័ណ។

ជាមួយគ្នាមន្ត្រីគយ និងរដ្ឋករតំបន់៥ សុំឲ្យកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែនត្រូវសហការជាមួយមន្ត្រីជំនាញដើម្បីទប់ស្កាត់រាល់ទំនិញគេចពន្ធ និងទំនិញខូចគុណដែលឈ្មួញលួចលាក់នាំចូលពីប្រទេសជិតខាងធ្វើឲ្យបាត់ចំណូលពន្ធរដ្ឋ និងទំនិញខូចគុណភាពធ្វើប៉ះពាល់សុខភាពប្រជាពលរដ្ឋ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.