ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ពេលដឹកបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូហុងដាឌ្រីមឆ្លងផ្លូវ ទៅបុកជាមួយម៉ូតូសណ្តោងរុឺម៉ក កាលពីវេលាម៉ោង១០និង២៥នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា ភាគីខាងម៉ូតូសណ្តោងរុឺម៉ក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CG-3323 បើកបរដោយឈ្មោះ រឿន សុខហេង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិបឹងក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល រួមដំណើរជាមួយ ឈ្មោះ មឿន សុខថៃ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ ។ ចំណែកភាគីខាងម៉ូតូ ហុងដាឌ្រីម សេរីចាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ថ 2458 ភព1 ជិះដោយជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ (ស្លាប់)។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូឆ្លងផ្លូវ ពីកើតទៅលិច ជ្រុលបុកជាមួយម៉ូតូសណ្តោងរុឺម៉ក ដែលបើកពីត្បូងទៅជើង បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ចំណែកម្នាក់ទៀតមិនមានរងរបួស ។

ក្រោយកើតហេតុ ជនរងគ្រោះរបួសធ្ងន់ ជាភាគីខាងម៉ូតូឌ្រីមសេរីចាស់ ត្រូវបានរថយន្តសង្គ្រោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ជាអកុសលស្លាប់បាត់ ចំណែកជនរងគ្រោះរបួសស្រាល ជាភាគីខាងម៉ូតូសណ្តោងរុឺម៉ក ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកច្បារអំពៅ ។ រីឯមធ្យោបាយទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.