ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានមិត្តភក្តិ២នាក់ទៀត នាំដើរផឹកសុីរហូតដល់ស្រវឹង រួចបន្តទៅជក់ថ្នាំទៀត វង្វេងបាត់ស្មារតី ឆ្លៀតឱកាសមិត្តភក្តិយកម៉ូតូជិះគេចទៅបាត់ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅមុខវិទ្យាល័យជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យុវជនខាងលើមានឈ្មោះ យន់ សុផេន អាយុ១៩ឆ្នាំ ស្នាក់នៅជាមួយបង ផ្ទះជួលបុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតភូមិសាមគ្គី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។ ម៉ូតូដែលមិត្តភក្តិជិះយកទៅបាត់ ម៉ាកហុងដាឌ្រីម សេរី២០២៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1M-8573 ។

តាមសម្តីជនរងគ្រោះ បានឱ្យដឹងថា មុនកើតហេតុ មិត្តភក្តិ២នាក់បបួលឱ្យឌុបទៅផឹកសុីម្តុំផ្សារអូរឫស្សី ខណ្ឌ៧មករា ស្រវឹងហើយ មិត្តភក្តិបបួលទៅជក់វេប និងជក់ថ្នាំ នៅមុខវិទ្យាល័យជម្ពូវ័ន កាន់តែវិល ទន់ដៃជើង រួចបបួលបម្រុងជិះទៅលេងមុខវាំង តែទន់ខ្លាំងពេក ជិះម៉ូតូអត់កើត ត្រូវបានមិត្តភក្តិទាំង២នាក់ ចាប់ទាញឱ្យចុះពីលើម៉ូតូ ហើយនាំគ្នាឡើងជិះគេចទៅបាត់ ខំដើរតាមទាំងត្រដាបត្រដួសរហូតដល់ផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ ទៅមុខលែងរួចទន់ដួលតែម្តង ។

ក្រោយពីកើតមានរឿងបែបនេះ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ទោះសាកសួរ នៅមិនទាន់ច្បាស់លាស់ សមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារ ឱ្យឌុបជូនទៅពេទ្យសិន រង់ចាំស្វាងបន្តិច ឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីធ្វើការស្រាវជ្រាវ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.