ភ្នំពេញ ៖ នារីម្នាក់ជិះម៉ូតូធូដេ លឿនជ្រុលហ្វ្រាំងមិនទាន់ជ្រុលបុកពីក្រោយរថយន្ត តូយ៉ូតា Rush បើកដោយបុរជនជាតិចិន បម្រុងឆ្លងផ្លូវ បណ្តាលឱ្យរងរបួសបែកត្របកភ្នែកស្តាំ បាញ់ឈាមជោគខ្លួន ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវសងព័ន្ធរុស្សុី មុខសាលាសង្កាត់កាកាបទី១ ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ នារីរងគ្រោះជិះម៉ូតូធូដេ ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1GO-4155 ពីកើតទៅលិចល្បឿនលឿន ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយរថយន្ត តូយ៉ូតា Rush ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-2062 បើកដោយបុរជនជាតិចិន ពីកើតទៅលិច បម្រុងបត់ឆ្លងផ្លូវ បណ្តាលឱ្យនារីខាងម៉ូតូ រងរបួសបែកត្របកភ្នែកស្តាំ ហូរឈាមបាញ់ជោគខ្លួន ម៉ូតូរួញមួយកំណាត់មុខ រថយន្តបែកស្តុបខាងឆ្វេង ។

ក្រោយកើតហេតុ នារីរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ហើយក្រុមគ្រួសារចេញមុខដោះស្រាយ សម្របសម្រួលគ្នាជាមួយភាគីខាងរថយន្ត ដោយជនជាតិចិនជួយចេញថ្លៃព្យាបាលរបួសចំនួន៣៥០ដុល្លារដើម្បីបញ្ចប់រឿងនៅប៉ុស្តិ៍នគរបាល ៕

អត្ថបទ៖តាតុងសែនជ័យ

Share.