បាងកក៖ រដ្ឋាភិបាលថៃបានឱ្យដឹងកាលពីថ្ងៃអង្គារ សប្ដាហ៍នេះថា ប្រទេសថៃនឹងរៀបចំការបោះ​​ព្រឹទ្ធសភានៅខែមិថុនា ដែលជាការបោះឆ្នោតលើកដំបូងសម្រាប់សភាជាន់ខ្ពស់ ចាប់តាំងពីមានរដ្ឋប្រហារយោធាមួយទសវត្សរ៍មកនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤។

ខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បានគាំទ្រផែនការសម្រាប់ការបោះឆ្នោតពហុដំណាក់កាលដ៏ស្មុគស្មាញនេះ ដែលមិនរាប់បញ្ចូលការបោះឆ្នោតសាធារណៈដ៏ពេញលេញទេ។

រដ្ឋមន្ត្រីក៏បានយល់ព្រមធ្វើប្រជាមតិមួយដោយសួរប្រជាជនថៃថា តើពួកគេនឹងគាំទ្រការផ្លាស់ប្តូររដ្ឋធម្មនុញ្ញដែលត្រូវបានចងក្រងឡើងដោយរបបយោធាដែលកាន់អំណាចនៅឆ្នាំ២០១៧ ដែរឬទេ។

ព្រឹទ្ធសភាដែលមានសមាជិកបច្ចុប្បន្នចំនួន ២៥០នាក់ត្រូវបានតែងតាំងដោយរបបយោធាដែលបានដណ្តើមអំណាចក្នុងឆ្នាំ២០១៤ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់លទ្ធផលនៃការបោះឆ្នោតសកលកាលពីឆ្នាំមុន។

គណបក្សចលនាឆ្ពោះទៅមុខ (MFP) បានឈ្នះអាសនៈភាគច្រើននៅក្នុងសភា ប៉ុន្តែមេដឹកនាំរបស់ខ្លួន លោក Pita Limjaroenrat ត្រូវបានរារាំងមិនឱ្យក្លាយជានាយករដ្ឋមន្ត្រី ដោយសារតែលោក មិនបានប្រមូលផ្តុំការគាំទ្រគ្រប់គ្រាន់នៅក្នុងព្រឹទ្ធសភា។

ម្លោះហើយបានជា លោក Srita មកពីគណបក្សភឿថៃជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការបោះឆ្នោតនោះ ដោយបានបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សដែលមានទំនាក់ទំនងជាមួយយោធា។

ក្នុងដំណើរការនេះ សភាជាន់ខ្ពស់ (ព្រឹទ្ធសភា) នឹងត្រូវកាត់បន្ថយសមាជិកព្រឹទ្ធសភាមកនៅត្រឹមចំនួន ២០០នាក់ ដែលនឹងត្រូវបានជ្រើសរើសពីក្រុមតំណាង ២០វិស័យផ្សេងៗ រួមមាន៖ យុត្តិធម៌ ការអប់រំ សុខភាពសាធារណៈ ឧស្សាហកម្ម សិល្បៈ និងកីឡា មនុស្សចាស់ និងជនជាតិភាគតិចជាដើម។

យ៉ាងណាម៉ិញ មានតែបេក្ខជនប្រជែងតំណែងសមាជិកព្រឹទ្ធសភាប៉ុណ្ណោះ ទើបមានមានសិទ្ធិបោះឆ្នោត ដោយការបោះឆ្នោតដែលនឹងធ្វើឡើងចំនួន ៣ជុំ នៅថ្ងៃទី៩ ខែមិថុនា ថ្ងៃទី១៦ ខែមិថុនា និងថ្ងៃទី២៦ ខែមិថុនា ខាងមុខ។

ទាក់ទិននឹងបញ្ហានេះ អ្នក​រិះគន់​បាន​អះអាង​ថា វិធីសាស្រ្តនេះខ្វះគោលការណ៍ប្រជាធិបតេយ្យ ហើយធ្វើឱ្យដំណើរការស្មុគស្មាញ​។

ជាមួយគ្នា អ្នកនាំពាក្យរបស់គណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក Parit Wacharasindhu បានប្រាប់ AFP ថា «នេះមិនមែនជាការបោះឆ្នោតទេ ពីព្រោះសមាជិកព្រឹទ្ធសភា មិនបានមកដោយផ្ទាល់ពីសាធារណជនទេ»។

យ៉ាងណាក៏ដោយ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ត្រូវ​បាន​គេ​រំពឹង​ទុកថា នឹងត្រូវប្រកាស​នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា៕

ប្រភព៖ CNA

Share.